ប៉ាឡេស្ទីន៖ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារទៅលើមណ្ឌលទីបញ្ជាការសម្រាប់យុទ្ធជនសកម្មប្រយុទ្ធនៅទីក្រុងចេនីននៃតំបន់វេសបែង (West Bank) ជាការវាយប្រហារមួយនៅព្រឹកថ្ងៃចន្ទនេះ ដែលអ្នកស្រុក បាននិយាយថា បណ្តាលឱ្យមនុស្សយ៉ាងតិចម្នាក់ បានស្លាប់ និងទាក់ទិននឹងមីស៊ីល១គ្រាប់ ដែលត្រូវបានបាញ់ចេញពីដែនអាកាស។

យោធាអ៊ីស្រាអែល បាននិយាយទៀតថា ខ្លួនបានវាយប្រហារទៅលើមជ្ឈមណ្ឌលប្រតិបត្តិការរួមមួយកន្លែងដែលបម្រើជាមណ្ឌលទីបញ្ជាការសម្រាប់យុទ្ធជនមកពីកងពលតូចនៅទីក្រុងចេនីន ជាកងប្រដាប់អាវុធមួយ ដែលមានអ្នកយុទ្ធមកពីក្រុមសកម្មប្រយុទ្ធផ្សេងទៀត។
កាលពីខែមុន អ៊ីស្រាអែល បានសម្លាប់ខ្មាន់កាំភ្លើងសកម្មប្រយុទ្ធ៣នាក់ នៅជិតទីក្រុងចេនីន នៅក្នុងការវាយប្រហារដោយយន្តហោះដ្រូនទី១ នៅតំបន់វេសបែង តាំងពីឆ្នាំ២០០៦ ខណៈដែលអំពើហិង្សានៅទូទាំងតំបន់បានកើនឡើង។ អ៊ីស្រាអែល បានបដិសេធមិនបញ្ជាក់ថាតើការវាយប្រហារនៅថ្ងៃចន្ទនេះទាក់ទិននឹងដ្រូនដែរឬយ៉ាងណា?

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា មនុស្សម្នាក់ បានស្លាប់ និងម្នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារនោះ។ អ្នកស្រុក បាននិយាយថា មីស៊ីល១គ្រាប់ដែលត្រូវបានគេបាញ់ចេញពីដែនអាកាសនោះ បានត្រូវចំលំនៅឋានមួយខ្នង ហើយផ្សែងបានហុយចេញពីបំណែកផ្ទះនោះ។
យោធា បាននិយាយថា គោលដៅនោះ ដើរតួជាមជ្ឈមណ្ឌលពិនិត្យ និងឈ្លបយកការណ៍ដ៏ទំនើបមួយ និងជាទីកន្លែងរក្សាទុកអាវុធ និងគ្រឿងផ្ទុះព្រមទាំងជាមជ្ឈមណ្ឌលសម្របសម្រួល និងទំនាក់ទំនងសម្រាប់យុទ្ធជនសកម្មប្រយុទ្ធ៕