អាមេរិក៖ បន្ទាប់ពីមនុស្ស២នាក់ បានស្លាប់ និង ២៨នាក់ផ្សេងទៀត រងរបួស ដោយក្នុងនោះរួមទាំងកុមារប្រមាណជា១៤នាក់ផង នៅក្នុងការបាញ់ប្រហារដ៏រង្គាល នៅទីក្រុងបាល់ទីម័រ (Baltimore) រដ្ឋម៉ារីឡែន (Maryland) សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃអាទិត្យ (ទី២ ខែកក្កដា) មន្ត្រីនៅតំបន់នេះ បានជំរុញឲ្យសហគមន៍ចេញមកផ្តល់ព័ត៌មាន ឬវីដេអូណាមួយ ពាក់ព័ន្ធនឹងហេតុការណ៍នេះ។

ស្នងការស្ដីទីនៃនាយកដ្ឋានគរបាលរបស់ទីក្រុងបាល់ទីម័រ (Baltimore) លោក Richard Worley បាននិយាយថា កម្លាំងនគរបាលនៅតែតាមស្វែងរកជនសង្ស័យជាច្រើននាក់។ នគរបាលបានប្រាប់អ្នកយកព័ត៌មានថា ស្ត្រីវ័យ ១៨ឆ្នាំ និងបុរសវ័យ ២០ឆ្នាំម្នាក់ បានស្លាប់ ហើយមនុស្ស ៩នាក់ នៅតែត្រូវព្យាបាលក្នុងមន្ទីរពេទ្យដោយសាររងរបួសដោយសារគ្រាប់កាំភ្លើង កាលពីរសៀលថ្ងៃអាទិត្យ ដោយក្នុងនោះមនុស្សមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោក Worley បានប្រាប់ទៀតថា ក្នុងចំណោមអ្នករងរបួស មានជនរងគ្រោះ ១៤នាក់ ដែលមានអាយុក្រោម ១៤ឆ្នាំ ដោយកត់សម្គាល់ថាពួកគេនៅតែព្យាយាមបញ្ជាក់អាយុជនរងគ្រោះ។ សោកនាដកម្មនេះ បានធ្វើឲ្យរង្គោះរង្គើទីក្រុងបាល់ទីម័រ (Baltimore) ចម្ងាយ ៤០ម៉ាយល៍ (៦៤គីឡូម៉ែត្រ) ភាគខាងជើងនៃទីក្រុងវ៉ាស៊ីនតោនឌីស៊ី (Washington DC) ជាការចាប់ផ្តើមវិស្សមកាល៤កក្កដានៃចុងសប្តាហ៍ នៅពេលដែលប្រជាជនអាមេរិកជាធម្មតាជួបជុំគ្នាដើម្បីបង្កើតក្បួនដង្ហែ ជុំគ្នាអាំងសាច់ និងបាញ់កាំជ្រួចភ្ញី។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ការបាញ់ប្រហារនេះ បានកើតឡើងក្នុងរយៈពេលខ្លី ក្រោយពាក់កណ្តាលអធ្រាត្រ នៅឯពិធីជប់លៀងប្លុក «Brooklyn Day» នៅសង្កាត់ Brooklyn Homes នៃទីក្រុង Baltimore ដែលមានមនុស្សចូលរួមរាប់រយនាក់ ហើយសាក្សីម្នាក់ បានប្រាប់ស្ថានីយ៍ទូរទស្សន៍ Fox 45 ថា ពួកគេបានលឺសំឡេងបាញ់ពី ២០គ្រាប់ទៅ ៣០គ្រាប់៕