ភ្នំពេញ៖ ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នឹងឈានដល់នាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ទាំងអាជីវករ និងប្រជាពលរដ្ឋ លើកឡើងថា សកម្មភាពទិញ និងលក់របស់ នៅតែបន្តជាធម្មតា ដោយមិនមានការព្រួយបារម្ភ ភ័យខ្លាចឬទិញស្តុកទុកច្រើនដូចអាណត្តិមុនៗឡើយ។
ក្រុមអាជីករផ្សារ និងប្រជាពលរដ្ឋរស់នៅតំបន់ច្បារអំពៅ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នាព្រឹកថ្ងៃទី៣ ខែកក្កដានេះ បានប្រាប់ឲ្យដឹងថា សព្វថ្ងៃនេះ សកម្មភាពទូទៅទាំងការទិញ និងលក់របស់ពួកគាត់ មិនឃើញមានខុសប្រក្រតីអ្វីនោះទេ ហើយក៏គ្មានការខ្វះខាតទាំងម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។
ពួកគាត់ បានឲ្យដឹងទៀតថា ដោយសារប្រទេសមានភាពសម្បូរសប្បាយ និងរីកចម្រើនជាងមុន ធ្វើឲ្យការរស់នៅលែងមានការព្រួយបារម្ភ ឬភិតភ័យថា ខ្វះខាតទៀតឡើយ ឲ្យតែមានប្រាក់ចំណូលទៀងទាត់ និងអាចប្រកបអាជីវកម្មដូចសព្វថ្ងៃនេះ។
លោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ បានឲ្យដឹងថា ទាំងអាជីវករ និងប្រជាពលរដ្ឋចេញចូលផ្សារ មានសកម្មភាពដូចសព្វដង ហើយតម្លៃទំនិញទៀតសោត ក៏មិនមានការប្រែប្រួលផងដែរ។
លោក បានបន្តថា និយាយដល់ការបោះឆ្នោត កាលពីអាណត្តិមុនៗ ប្រជាពលរដ្ឋពិតជាបានទិញស្បៀងអាហារដើម្បីត្រៀមទុកហូបប្រចាំថ្ងៃ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ សកម្មភាពទាំងនោះ លែងមានតទៅទៀតហើយ ដោយសារ ប្រទេសជាតិមានសុខសន្តិភាពពេញលេញ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រអាណត្តិទី៧ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង៕អត្ថបទ៖ ឈិត បូរ៉ាវី