ក្រុមបាល់ទាត់យុវជនជប៉ុនបានក្លាយជាជើងឯកការប្រកួតបាល់ទាត់យុវជនអាស៊ីអាយុក្រោម ១៧ឆ្នាំ AFC U17 Asian Cup 2023 ដែលរៀបចំនៅប្រទេសថៃ ក្រោយយកឈ្នះក្រុមយុវជនកូរ៉េនៅវគ្គផ្តាច់ព្រ័ត្រមិនតានតឹង ៣-០។
ជប៉ុនដែលគេមើលឃើញថា ជាក្រុមមានប្រៀបតាមរយៈជ័យជំនះក្នុងពូល និងវគ្គចាញ់ធ្លាក់នោះ នៅតែបន្តជាក្រុម មានប្រៀបទៀតនៅវគ្គផ្តាច់ព្រ័ត្រនេះ តែពួកគេត្រូវរង់ចាំដល់ចុងវគ្គទី១ នាទីទី ៤៥+១ ទៅហើយទើបអាចរកបានគ្រាប់នាំមុខដោយ Gaku Nawata។
ឈានចូលវគ្គទី ២ ក្រុមការពារតំណែងជើងឯកមួយនេះរកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី ៦៦ ដោយ Gaku Nawata ដដែល មុនពេលដែលគ្រាប់ចុងក្រោយកើតឡើងនៅនាទីទី ៩០+៦ ទៅហើយដោយ Yutaka Michiwaki។
សូមបញ្ជាក់ថា នេះជាជើងឯកបាល់ទាត់យុវជនអាយុក្រោម ១៧ ឆ្នាំអាស៊ីលើកទី ៤ សម្រាប់ជប៉ុនបន្ទាប់ពីឈ្នះបីលើកមុននៅឆ្នាំ ១៩៩៤ ២០០៦ និង ២០១៨ ខណៈដែលកូរ៉េបន្តខកចិត្តលើកទី ៣ នៅវគ្គផ្តាច់ព្រ័ត្រនេះ។
សម្រាប់កីឡាករ Gaku Nawata ដែលរកបាន ២ គ្រាប់នៅវគ្គផ្តាច់ព្រ័ត្រនេះក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងព្រឹត្តិការណ៍សរុប ៥ គ្រាប់ និងក្លាយជាកីឡាករឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍ផងដែរ៕ អត្ថបទ៖នាង សុភាវុធ
