ភ្នំពេញ៖ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (ហៅកាត់ អ.ម.ត) នារសៀលថ្ងៃទី០២ ខែកក្កដា ម្សិលមិញ អញ្ជើញប្រកាសសមាសភាពក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ប្រចាំសាកលវិទ្យាល័យ ដោយមានការអញ្ជើញចូលរួមពីតំណាងគ្រឹះស្ថានសិក្សា និងសមាជិក សមាជិកា នៃក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត សរុបប្រមាណ៧០នាក់។
ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត (ក្រុម២) បានមានប្រសាសន៍ថា ដោយមើលឃើញវិស័យអប់រំ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យដទៃៗទៀត សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្កើតកម្មវិធីអាហារូបករណ៍ ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងពង្រីកធនធានមនុស្សកម្ពុជា នៅឆ្នាំ២០០៧ សម្តេចតេជោ ហ៊ុន សែន បានបង្កើតគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីជាយន្តការស្ថាប័នក្នុងការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតក្រីក្រ ដោយឥតគិតថ្លៃ។ ដោយពីមួយឆ្នាំទៅមួយឆ្នាំ ចំនួននិស្សិតអាហារូបករណ៍សម្តេចទាំងទ្វេ មានការកើនឡើងជាលំដាប់ រហូតនៅឆ្នាំ២០១៤ សម្តេចតេជោ បានចង្អុលបង្ហាញឱ្យបង្កើតសមាគមមួយឈ្មោះថា សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចក្តិតិព្រឹទ្ធបណ្ឌិត ហៅកាត់ថាសមាគម អ.ម.ត ដើម្បីចងក្រងនិស្សិតអាហារូបករណ៍សម្តេចទាំងទ្វេ ទាំងកំពុង និងបញ្ចប់ការសិក្សាបង្កើតឱ្យមានអត្តសញ្ញាណរួមគ្នាមួយ ដើម្បីធ្វើកិច្ចការដែលមានអត្ថប្រយោជន៍ដល់សង្គមជាតិ និងនិស្សិត។ក្រោមការគិតគូរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត លើការសិក្សារបស់និស្សិត បានសម្រេចបង្កើតឱ្យមានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត តាមបណ្តាគ្រឹះស្ថានសិក្សា ដើម្បីតាមដាន ត្រួតពិនិត្យការសិក្សា និងសកម្មភាពរបស់និស្សិត។
ឯកឧត្តម ឡាវ វ៉ាន់ និងសមាជិក សមាជិកថ្មី ចំនួន៤៧រូប បានប្តេជ្ញាថែរក្សានូវសមិទ្ធផលរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាពិសេសគឺការរិះរកមធ្យោបាយ ដើម្បីជំរុញនិស្សិតដែលបានទទួលអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ រៀនបានចប់ចុងចប់ដើម ឱ្យក្លាយជាធនធានមនុស្សកម្ពុជាដ៏ពិតប្រាកដ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ការការពារសុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ ពុទ្ធិវុធ បានពាំនាំនូវការថ្លែងអំណរគុណពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់គ្រឹះស្ថានសិក្សាដែលបានផ្តល់អាហារូបករណ៍ជូនសម្តេចតេជោ ដែលនេះជាការចូលរួមចំណែកមួយក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា។ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី បានកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសធ្វើឱ្យកម្ពុជាលេចមុខមាត់នៅលើឆាកអន្តរជាតិថែមទៀតផង។
ឯកឧត្តម បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ដែលបានខិតខំបំពេញតួនាទី-ភារកិច្ចរបស់ខ្លួន បន្ថែមពីនេះ ។ឯកឧត្តម សុខ ពុទ្ធិវុធ ក៏លើកទឹកចិត្តដល់ក្រុមការងារបង្កើនការខិតខំបន្ថែមទៀតដើម្បីចូលរួមជាកម្លាំងចលករក្នុងការអភិវឌ្ឍសង្គមជាតិ៕អត្ថបទ រដ្ឋា





