អាមេរិក៖ ប្រភពចំនួន៤បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក និងម៉ិកស៊ីក កំពុងពិភាក្សា កម្មវិធីជនភៀសខ្លួនសហរដ្ឋអាមេរិកថ្មី សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនពុំមែនជាពលរដ្ឋម៉ិកស៊ិក ដែលកំពុងរង់ចាំនៅក្នុងប្រទេសម៉ិកស៊ិក ជាផ្នែកមួយនៃបំណងរបស់ប្រធានាធិបតី លោក Joe Biden ដើម្បីបង្កើតវិធីសាស្ត្រស្របច្បាប់សម្រាប់ការធ្វើអន្តប្រវេសន៍។

កម្មវិធីនេះ ទំនងជានឹងបើកចំពោះជនភៀសខ្លួនគុយបា ហៃទី នីហ្គារ៉ាហ្គ័រ និងជនភៀសខ្លួនវ៉េណេហ្ស៊ុយអេឡា នៅក្នុងប្រទេសម៉ិកស៊ីក។ ជនអន្តោប្រវេសន៍នឹងចំបាច់ត្រូវបង្ហាញថាពួកគេស្ថិតនៅក្នុងប្រទេសម៉ិកស៊ិក នៅមុនថ្ងៃទី៦ ខែមិថុនា ដើម្បីផ្តល់សិទ្ធិ។ មន្ត្រីអាមេរិកនិងម៉ិកស៊ីក ដែលដឹងច្បាស់អំពីបញ្ហានេះ បាននិយាយថា បញ្ហានេះនៅតែស្ថិតក្រោមការពិភាក្សា ហើយគ្មានសេចក្តីសម្រេចត្រូវបានធ្វើឡើងឡើយ។
នៅពុំច្បាស់នោះទេថាតើមនុស្សប៉ុន្មាននាក់ អាចទទួលបានប្រយោជន៍ពីកម្មវិធីបែបនេះ។
ជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ មកពីប្រទេសចំនួន៤ទាំងនេះ បានឆ្លងកាត់ប្រទេសម៉ិកស៊ិក ក្នុងផ្លូវធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលភាពចលាចលខ្លាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលកំពុងធ្វើឲ្យមានភាពតានតឹងនូវធនធាននៅក្នុងប្រទេសទាំងពីរ និងកំពុងដាក់សម្ពាធផ្នែកនយោបាយលើប្រធានាធិបតី Joe Biden មកពីគណបក្សប្រជាធិបតេយ្យ ដែលកំពុងស្វែងរកការបោះឆ្នោតឡើងវិញ នៅក្នុងឆ្នាំ២០២៤។ 
ប្រភពព័ត៌មាន និយាយថា ផែនការកំពុងស្ថិតក្រោមកិច្ចពិភាក្សា ដែលនឹងអនុញ្ញាតផ្តល់សិទ្ធិដល់ជនអន្តោប្រវេសន៍ ដែលត្រូវបានយល់ព្រមសម្រាប់ស្ថានភាពជនភៀសខ្លួន ចូលទៅរតាមរយៈកម្មវិធីការតាំងលំនៅថ្មីជនភៀសខ្លួននៅអាមេរិក ដែលអាចធ្វើទៅបានចំពោះតែអ្នកដាក់ពាក្យស្នើសុំនៅបរទេស។ មិនដូចជាជនអន្តោប្រវេសន៍ភាគច្រើនដែលបានអះអាងសិទ្ធិជ្រកកោនបន្ទាប់ពីចូលមកដល់សហរដ្ឋអាមេរិកនោះទេ ជនភៀសខ្លួនទទួលបានការអនុញ្ញាតការងារភ្លាមៗ ហើយរដ្ឋាភិបាលផ្តល់ប្រយោជន៍ដូចជាផ្តល់លំនៅឋាន និងជំនួយការងារ៕