អ៊ីស្រាអែល៖ កងកម្លាំងប្រទេសអ៊ីស្រាអែល បានវាយឆ្មក់នៅទីក្រុងJenin តំបន់ West Bank ពេញមួយយប់ឈានចូលដល់ថ្ងៃចន្ទនេះ ដោយបើកការវាយប្រហារ ដែលពលរដ្ឋនិយាយថា មានទាំងមីស៊ីលបាញ់ពីលើអាកាស និងចាប់ផ្តើមប្រយុទ្ធដោយកាំភ្លើង ដែលបានបន្តរហូតដល់ពេលព្រឹកបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣នាក់ស្លាប់។ ដោយមានសំឡេងការបាញ់កាំភ្លើងធំ និងគ្រឿងផ្ទុះ ត្រូវបានលាន់លឺនៅទូទាំងទីក្រុងជាច្រើនម៉ោងបន្ទាប់ពីការវាយប្រហារដោយយានដ្រូន ដែលលាន់លឺយ៉ាងច្បាស់នៅលើក្បាល ដែលកងពលតូចនៅទីក្រុង Jenin ជាអង្គភាពមួយត្រូវបានបង្កើតឡើងរួមមានក្រុមជីវពលផ្សេងៗគ្នា មានមូលដ្ឋាននៅក្នុងជំរំជនភៀសខ្លួនដ៏ធំរបស់ទីក្រុង បាននិយាយថា ខ្លួនកំពុងតតាំងជាមួយកងកម្លាំងអ៊ីស្រាអែល។

អ្នកបើកបររថយន្តសង្គ្រោះប៉ាឡេស្ទីនលោក Khaled Alahmad បាននិយាថា អ្វីដែលកំពុងកើតឡើងនៅក្នុងជំរំជនភៀសខ្លួនគឺជាសង្គ្រាមពិត។ មានការវាយប្រហារពីលើអាកាសដាក់គោលដៅមកលើជំរំ ជារៀងរាល់ពេល យើងបើកបរដោយមានរថយន្តសង្គ្រោះ៥ទៅ៧គ្រឿង ហើយយើងត្រឡប់មកវិញមានអ្នករងរបួសពេញរថយន្ត។ យោធាអ៊ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារលើអគារមួយកន្លែង ដែលបម្រើជាមជ្ឈមណ្ឌលទីបញ្ជាការសម្រាប់អ្នកប្រយុទ្ធមកពីកងពលទីក្រុង Jenin ជាអ្វីដែលខ្លួនបានចាត់ទុកថាជាកិច្ចប្រឹងប្រែងប្រឆាំងភេរវកម្មដ៏ខ្លាំងក្លា នៅក្នុងតំបន់ West Bank។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានបញ្ជាក់ថា មនុស្សយ៉ាងហោច៣នាក់ បានស្លាប់ ក្នុងទីក្រុង Jenin ខណៈមនុស្សម្នាក់ផ្សេងទៀត បានស្លាប់នៅក្នុងទីក្រុង Ramallah បន្ទាប់ពីត្រូវបានបាញ់ចំក្បាល នៅប៉ុស្តិ៍ត្រួតពិនិត្យ៕
