សៀមរាប៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានអះអាងថា ដំណើរការយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រីអាណត្ដិទី៧ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានដំណើរការយ៉ាងរលូន ដែលមកដល់ថ្ងៃនេះ មានគណបក្សនយោបាយចំនួនបីបានចេញឃោសសនាបោះឆ្នោត។
លោក នីម វាន់សំ ប្រធានគណៈកម្មការខេត្ដសៀមរាប រៀបចំការបោះឆ្នោត មានប្រសាសន៍ថា ការឃោសនារកសំឡេងឆ្នោតឆ្នាំ២០២៣នេះ ចាប់ពីថ្ងៃទី១ខែកក្កដានេះ មានគណបក្សនយោបាយចំនួនបីបានធ្វើយុទ្ធនាការរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សស្ដ្រីដើម្បីស្រ្ដី ប៉ុន្ដែសកម្មភាពយុទ្ធនាការធំដែលមានមនុស្សរាប់ម៉ឺនាក់ចូលរួមដង្ហែក្បួន គឺមានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ក្រៅពីនោះ មានតែធ្វើសកម្មភាពតូចៗ និងធ្វើសកម្មភាពចែកខិត្ដប័ណ្ណ។
លោក បានបន្ដថា ការឃោសនាបោះឆ្នោតមកដល់ថ្ងៃនេះ មិនមានភាពមិនប្រក្រតីអ្វីកើតឡើងនោះឡើយ ពោលរយៈពេលពីរថ្ងៃនេះ ដំណើរបានយ៉ាងល្អប្រសើរ ដោយមានសមត្ថកិច្ចជួយសម្រួលគ្រប់គោលដៅទាំងអស់។
លោក បានអំពាវនាវដល់គណបក្សនយោបាយទាំងអស់ឱ្យគោរពនីតិវិធីដែល គជប បានចែង ហើយបើគណបក្សនយោបាយណាមួយចង់ធ្វើយុទ្ធនាការដង្ហែររកសំឡេងគាំទ្ររបស់ខ្លួនក្នុងការបោះឆ្នោតឆ្នាំ២០២៣នេះ ត្រូវជូនដំណឹងដល់ គខប ឱ្យបានត្រឹមត្រូវ ដើម្បី គខប ជួយសម្រួលកុំឱ្យមានបញ្ហាអ្វីកើតឡើង។ជាមួយគ្នានោះ លោកក៏ស្នើដល់អ្នកគាំទ្រគណបក្សនីមួយៗត្រូវធ្វើការអត់ធ្មត់ បើសិនបើការដង្ហែរក្បួនបានប៉ះគ្នានៅតាមដងផ្លូវ។
សូមបញ្ជាក់ថា ការឃោសនារកសំឡេងឆ្នោតជ្រើសរើសតំណាងរាស្ដ្រអាណត្ដិទី៧ ឆ្នាំ២០២៣នេះ មានរយៈពេល២១ថ្ងៃ ដោយបានធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២៣នេះ ៕






