គម្រោងថ្មីមួយទៀតនៅភ្នំពេញ គឺចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀត ដែលនៅក្រោមដី ត្រូវបានប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្រោមដីឡូត៍ ផ្លូវលេខ ១០៦-១០៨ និងលេខ ១៣-១៩ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀតនេះត្រូវបានស្ថាបនាឡើងដោយក្រុមហ៊ុន អ៊ីឌីស៊ីផូ ខេមបូឌា ដែលជាក្រុមហ៊ុនក្នុងស្រុក ។ គម្រោងនេះ ក្រុមហ៊ុនបានបណ្ដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើន ដែលមានទាំងចំណតសាធារណៈ ផ្សារទំនើប និងសេវាកម្មផ្សេងៗ ស្ថិតនៅខាងក្រោមដី ដែលជាគម្រោងថ្មីមួយមិនធ្លាប់មានឡើយ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ។ គម្រោងនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្តចតុកោណ ដំណាក់កាលទី៤ នាចុងអាណត្តិដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា យ៉ាងពិតប្រាកដ។
ឯកឧត្តម ឃួង ស្រេង បានបន្តថា ខណ្ឌដូនពេញនាពេលបច្ចុប្បន្ន បានក្លាយជាចំណុចប្រសព្វដ៏សំខាន់ និងជាតំបន់លំនៅឋាន ពាណិជ្ជកម្មដ៏ធំមួយចំកណ្តាលបេះដូងរាជធានីភ្នំពេញ ដែលមានលំហូរចរាចរណ៍យានយន្តធ្វើដំណើរលើដងផ្លូវយ៉ាងមមាញឹកស្ទើរតែគ្រប់ពេលវេលា និងមានចរន្តនៃការដោះដូរទំនិញ សេវាកម្មទាំងទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិយ៉ាងសកម្មបំផុតរួមមាន វិស័យធនាគារ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម សេវាកម្មទំនើប ការស្តុកទុក ចែកចាយផលិតផលសម្រេចក្នុងស្រុក និងបរទេស ព្រមទាំងការជួញដូរក្នុងទីផ្សារចម្រុះជាដើម ដែលសកម្មភាពទាំងនេះបានធ្វើឱ្យទីក្រុងភ្នំពេញកាន់តែមានភាពរស់រវើក ទាក់ទាញ និងមមាញឹកបំផុត។ ដូច្នេះការដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ ចំណតសាធារណៈ និងការវិនិយោគបែបប្រណីត គឺជាជម្រើសដ៏គាប់ប្រសើរសម្រាប់រាជធានីភ្នំពេញក្នុងសតវត្សរ៍ថ្មីនេះ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា គម្រោងនេះ គឺជាការរួមចំណែកដ៏ល្អរបស់វិស័យឯកជន ក្នុងភាពជាដៃគូជាមួយនិងអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយនូវបញ្ហាចំណតសាធារណៈក្នុងទីក្រុង បង្កើតជម្រើសធុរកិច្ចជូនអាជីវករកាន់តែសម្បូរបែប និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់បំព្រង និងស៊ីវិល័យបន្ថែមទៀត ព្រោះថា មុននេះធ្លាប់តែលឺអំពីចំណតរថយន្ត និងផ្សារទំនើបក្រោមដីនៅតាមបណ្តាទីក្រុងនៃប្រទេសអភិវឌ្ឍន៍ ប៉ុន្តែឥឡូវទីក្រុងភ្នំពេញក៏នឹងមានសមិទ្ធផលថ្មីនេះ ក្រោមម្លប់នៃសន្តិភាពរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី យ៉ាងពិតប្រាកដ។
លោកស្រី ឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកា ក្រុមហ៊ុន អុីឌីស៊ីជូតា ខេមបូឌា បានមានប្រសាសន៍ថា ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀតនេះ ត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាល ដោយសាងសង់ចំនួន៤ជាន់ ២ជាន់ជាចំណតរថយន្ត ២ជាន់ទៀតជាផ្សារទំនើប លើផ្ទៃដីទំហំ ៣៣ ១២០ ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន ៥១៦គ្រឿង ។ គោលបំណងដែលក្រុមហ៊ុនបង្កើតឡើងនូវគម្រោងខាងលើនេះ គឺដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរ និងបង្កើតមុខរបរឱ្យអាជីវករតូចតាចអាចប្រកបមុខរបរលក់ដូរនៅក្នុងអគារក្រោមដីនេះបាន៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា









