ឥណ្ឌា៖ កីឡាការិនីផ្នែកចំបាប់របស់ប្រទេសឥណ្ឌា និងក្រុមគ្រួសាររបស់ពួកគេ ដែលមានការស្រឡាំងកាំង និងខឹងសម្បា ចំពោះការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទពីសំណាក់អ្នកគ្រប់គ្រងកីឡាជាន់ខ្ពស់មួយរូប កំពុងជំរុញឲ្យមានកំណែទម្រង់ រាប់តាំងពីអ្នកមើលថែដែលអមដំណើរអ្នកប្រកួត រហូតដល់ទាមទារឲ្យមានមន្ត្រីជាស្ត្រីបន្ថែមទៀត នៅក្នុងជួរមន្ត្រីជាន់ខ្ពស់នៃស្ថាប័នកីឡា។
តុលាការដែលបើកសវនាការលើកដំបូង បានទទួលស្គាល់ក្នុងខែនេះនូវបណ្តឹងពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទ និងការបំភិតបំភ័យប្រឆាំងនឹងប្រធានសហព័ន្ធកីឡាចំបាប់ឥណ្ឌា (WFI) លោក Brij Bhushan Sharan Singh ដែលជាសមាជិកសភាដ៏មានឥទ្ធិពលនៃគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi។

ប៉ុន្តែការពន្យារពេលក្នុងការចាត់វិធានការ បានទាក់ទាញការចាប់អារម្មណ៍ជាសកល នៅពេលដែលកីឡាករចំបាប់ល្បីៗ បានគំរាមកាលពីខែឧសភាថា នឹងបោះមេដាយរបស់ពួកគេទៅក្នុងទន្លេគង្គា ដែលជាទន្លេដ៏ពិសិដ្ឋបំផុតរបស់សាសនាហិណ្ឌូ ក្នុងការតវ៉ាប្រហែល ៥ខែ បន្ទាប់ពីមានការចោទប្រកាន់លើលោក Singh ពីបទលូកលាន់នារីវ័យក្មេង អំឡុងការប្រកួត។
តែនៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Singh បានបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទលើកីឡាការិនីចំបាប់ទាំងប្រាំ៦រូប ដែលបានធ្វើជាតំណាងឲ្យប្រទេសឥណ្ឌាក្នុងការប្រកួតលក្ខណៈអន្តរជាតិ ដោយជំនួយការម្នាក់បានប្រាប់ថា ភាពគ្មានទោសរបស់អ្នកគ្រប់គ្រងរូបនេះ នឹងត្រូវប្រកាសដោយតុលាការ។ ប្រសិនបើរូបលោកត្រូវបានកាត់ឲ្យមានទោស លោកអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ៕
