អាមេរិក៖ មន្ត្រីសហជីពបាននិយាយថា បុគ្គលិកសណ្ឋាគារ នៅតំបន់ឡូសអែនជឺឡេស (Los Angeles) សហរដ្ឋអាមេរិក រាប់ពាន់នាក់ បានធ្វើកូដកម្ម កាលពីថ្ងៃអាទិត្យ ទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតឲ្យប្រសើរឡើងជាងនេះ នៅតំបន់ ដែលការចំណាយថ្លៃផ្ទះខ្ពស់ បានបង្កជាការលំបាកដល់អ្នកប្រាក់ខែទាប ដែលចង់រស់នៅក្បែរកន្លែងធ្វើការរបស់ខ្លួន។
សហជីព Unite Here Local 11 ដែលតំណាងឲ្យបុគ្គលិក ១៥.០០០នាក់ មកពីសណ្ឋាគារធំៗជាង ៦០កន្លែង នៅតំបន់ឡូសអែនជឺឡេស (Los Angeles) និងអ័ររីន(Orange) បានប្រកាសធ្វើកូដកម្ម នៅមួយថ្ងៃបន្ទាប់ពីកិច្ចសន្យារបស់កម្មករ បានផុតកំណត់។ នេះគឺជាកូដកម្មដ៏ធំបំផុតមួយ ដែលកើតមានឡើងក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ចរបស់សហរដ្ឋអាមេរិក នៅប៉ុន្មានឆ្នាំថ្មីៗនេះ។

វិវាទការងារនេះ កើតឡើងក្នុងអំឡុងការឈប់សម្រាកវិស្សមកាល ៤កក្កដានៃចុងសប្តាហ៍ ខណៈដែលរដូវកាលធ្វើដំណើររដូវក្តៅដ៏មមាញឹករបស់រដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង ចាប់ផ្ដើមក្នុងសកម្មភាពយ៉ាងខ្លាំងក្លា។ កូដកម្មនេះ កើតជួនពេលគ្នាជាមួយនឹងការធ្វើកូដកម្មពីអ្នកនិពន្ធរឿងរបស់ផលិតកម្មហូលីវូដ ដែលបានឈានចូលដល់សប្តាហ៍ទី៩ ដោយធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ទីក្រុងឡូសអែនជឺឡេស (Los Angeles) និងផលិតកម្មនៃវិស័យភាពយន្តរួចទៅហើយ។
សហជីពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកសណ្ឋាគារ ដែលរួមមានអ្នករៀបចំបន្ទប់ អ្នកលាងចាន ចុងភៅ អ្នករត់តុ អ្នកនាំភ្ញៀវ និងភ្នាក់ងារផ្តល់ព័ត៌មាន ពិបាកក្នុងការចំណាយលើតម្លៃផ្ទះ នៅទីក្រុងដែលពួកគេធ្វើការ ហើយមនុស្សជាច្រើនមិនមានការងារធ្វើ អំឡុងពេលមានជំងឺរាតត្បាត COVID-19 ខណៈដែលប្រាក់ចំណូលក្នុងឧស្សាហកម្មកើនឡើង៕
