ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកក្តដានេះ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រី ប្រតិភូមិអមនាយករដ្ឋមន្ត្រី និងជា រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញបើកវគ្គសិក្សាភាសាបារាំងចំនួន២ឆ្នាំជូនកម្លាំងទ័ពមួកខៀវភាគច្រើនជានារី ដើម្បីបង្កើនសមាសភាពនារី បញ្ជូនចូលរួមថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ UN នៅតាមបណ្តាប្រទេសកំពុងមានជម្លោះ សង្គ្រាម។
ឯកឧត្តម អ៊ុច បូរិទ្ធ ថ្លែងថា វគ្គសិក្សាបំប៉នភាសាបារាំង ដែលឧបត្ថម្ភដោយអង្គការអន្តរជាតិនិយាយភាសាបារាំងOIF រយៈពេល២ឆ្នាំ គឺមានគោលដៅសំខាន់ចង់បង្កើនសមាសភាពកម្លាំងមួកខៀវនារី ចូលប្រតិបត្តិការថែរក្សាសន្តិភាពUNឲ្យបាន៥០% នៅគ្រប់តំបន់បេសកកម្មUN ពិសេសតាមបណ្តាប្រទេសនិយាយភាសាបារាំង ដូចជា សាធារណរដ្ឋម៉ាលី និង អាហ្វ្រិកកណ្តាលជាដើម។
បើតាម ឯកឧត្តម ជេក ប៉េឡេត ( Jacque Pellet) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា និងតំណាង អង្គការអន្តរជាតិនិយាយភាសាបារាំង OIF បានប្តេជ្ញាចិត្តថា នឹងបង្កើនការបណ្តុះបណ្តាលភាសាបារាំង ជូនទ័ពមួកខៀវកម្ពុជា ជាពិសេស ទ័ពមួកខៀវជានារី ឲ្យបានច្រើនបំផុត ដើម្បីជំរុញបង្កើនចំនួនស្ត្រីទ័ពមួកខៀវកម្ពុជា បញ្ជូនទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិឲ្យបានច្រើនបំផុត។
ឯកឧត្តម បោង បុន្នី អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ថ្លែងថា គិតចាប់ពីឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ន ភាគីបារាំងបានឧបត្ថម្ភគាំទ្រវគ្គហ្វឹកហ្វឺនទាំងក្នុង និងក្រៅប្រទេសសរុបចំនួន ៨៤វគ្គ ដល់សិក្ខាកាមសរុបចំនួន ១៨៥០នាក់ ហើយសិក្ខាកាមទាំងអស់សុទ្ធសឹងតែទទួលបានឱកាសចូលរួមបេសកកម្មទាំងក្នុងកង និងជាទាហានសេនាធិការ និងសង្កេតការណ៍យោធាផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ មកដល់ បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិ បានបញ្ជូនកម្លាំងមួកខៀវកម្ពុជាសរុបចំនួន ៩១៩៥នាក់ ក្នុងនោះនារី៧២២នាក់ ទៅកាន់ ៩ប្រទេស ហើយត្រូវបានប្រើប្រាស់ពីរភាសាជាគោល គឺភាសាអង់គ្លេស និងភាសាបារាំង៕អត្ថបទ ស៊ុម សុខជា