បារាំង៖ វីដេអូសាក្សីបានបង្ហាញពី ក្រុមស្រ្តីជាម្តាយប្រមូលផ្តុំគ្នានៅជាយក្រុងប៉ារីសកាលពីថ្ងៃអាទិត្យ (២ កក្កដា) ដោយអំពាវនាវឱ្យបញ្ចប់អំពើហិង្សាដែលបង្កឡើងដោយការបាញ់ប្រហាររបស់នគរបាល ។
អ្នកម្ដាយទាំងនោះកាន់ស្លាកសញ្ញាសរសេរថា «យុត្តិធម៌ដល់ជនរងគ្រោះ» និង «បញ្ឈប់អំពើហិង្សា» នៅទីក្រុង Aulnay-sous-Bois ( អូលណាយ ស៊ូប៊័រ) ។ កុមារជាច្រើនក៏ត្រូវបានគេឃើញកាន់ស្លាកសញ្ញានោះដែរ។
កុបកម្មទូទាំងប្រទេសបារាំងត្រូវបានបង្កឡើងកាលពីថ្ងៃអង្គារ (២៧ មិថុនា) នៅពេលដែលនគរបាលម្នាក់បានបាញ់សម្លាប់ក្មេងជំទង់មានដើមកំណើតអាហ្វ្រិកខាងជើងម្នាក់ ។

យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin បានឱ្យដឹងថា នគរបាលប្រហែល ៤៥.០០០នាក់ ត្រូវបានដាក់ពង្រាយម្តងទៀតនៅយប់ថ្ងៃអាទិត្យ ដើម្បីរារាំងក្រុមកុបករដែលបានដុតរថយន្ត លួចរបស់របរពីហាង ព្រមទាំងដាក់គោលដៅលើសាលាក្រុង និងប៉ុស្តិ៍គរបាល៕
