រុស្ស៊ី៖ លោក ហ្គែនណាឌី ហ្គាទីឡូវ (Gennady Gatilov) តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅស្នាក់ការUNនៅទីក្រុងហ្សឺណែវ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានប្រចាំថ្ងៃរុស្ស៊ី Izvestia ថា រុស្ស៊ី នៅតែបើកចំហចំពោះដំណោះស្រាយការទូត និងនយោបាយសម្រាប់វិបត្តិអ៊ុយក្រែន ប៉ុន្តែមានការរំពឹងទុកពីលទ្ធផលតិចតួចដោយសារតែជំហររបស់ក្រុងគីវនិងក្រុមអ្នកគាទ្រលោកខាងលិច ដែលយកដំណោះស្រាយយោធាជាធំ ។

លោកបានថ្លែងថា៖«រុស្ស៊ីបើកចំហចំពោះដំណោះស្រាយការទូត និងនយោបាយសម្រាប់វិបត្តិនេះ ប៉ុន្តែក្តីសង្ឃឹមទៅលើសេណារីយោនេះ ហាក់ដូចស្តួចស្តើងណាស់ ចាប់តាំងពីទីក្រុងគីវ និងក្រុមអ្នកទំនុកបម្រុងលោកខាងលិច បន្តដាក់គោលដៅលើការប្រើកម្លាំងយោធា»។ «យើងមិនចង់លើកឡើងនូវការពិតដែលថា របបទីក្រុងគីវ ត្រូវបានហាមប្រាមតាមដោយស្របច្បាប់លើការចចានានាជាមួយទីក្រុងមូស្គូ។
អ្នកការទូតរូបនេះ បានកត់សម្គាល់ឃើញថា រហូតមកទល់ពេលនេះ មិនមានសញ្ញាសំខាន់ណាដែលអង្គការសហប្រជាតិ និងអគ្គលេខាធិការរបស់ខ្លួន គឺលោកអង់តូនីញ៉ូ ហ្គុទែរេស អាចដើរតួនាទីស្ថាបនា ក្នុងការដោះស្រាយវិបត្តិនេះទេ។

លោកហ្គាទីឡូវ បាននិយាយថា៖«កិច្ចប្រឹងប្រែងរបស់ UN ត្រូវជាប់គាំងដោយសារការគ្មានឆន្ទៈស្តាប់ទស្សនៈរបស់យើង ឬភាគីដទៃទៀត។ «ជាការពិត អង្គការនេះ ហើយសំខាន់នោះគឺមហាសន្និបាត ត្រូវបានផ្លាស់ប្តូរដោយលោកខាងលិច ឱ្យក្លាយជាវេទិកាមួយសម្រាប់ធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងនឹងរុស្ស៊ី និងការលើកឡើងម្តងហើយម្តងទៀតក្នុងបរិបទនៃវិបត្តិអ៊ុយក្រែន»។
ស្របពេលជាមួយគ្នានេះ បើយោងតាមអ្នកការទូតរូបនេះ រុស្ស៊ីគោរពរាល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងឡាយ អង្គការ នានា និងបុគ្គលមួយចំនួនដើម្បីស្វែងរកដោះស្រាយសមប្របសម្រាប់វិបត្តិអ៊ុយក្រែន។
លោកហ្គាទីឡូវ បានថ្លែងថា៖«មានសំណើនិងគំនិតផ្តួចផ្តើមជាច្រើន ត្រូវបានលើកឡើងអំពីបញ្ហានេះ។ កាលពីពេលថ្មីៗនេះ ប្រទេសអាហ្វ្រិកមួយក្រុម បានបញ្ចេញគំនិតប្រហាក់ប្រហែលគ្នានេះ»។