ភ្នំពេញ៖ ផ្នែកគ្រប់គ្រងសុខភាពបរិស្ថាន និងគ្រោះមហន្តរាយ នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានចុះអប់រំផ្សព្វផ្សាយស្តីពី អនាម័យចំណីអាហារ និងសុវតិ្ថភាពមាត់-ធ្មេញ ជូនដល់សិស្ស ចាប់ពីថ្នាក់ទី១ រហូតដល់ទី៦ ចំនួនសរុប២៧៩៤នាក់ នៃសាលាបឋមសិក្សាបាក់ទូក នាព្រឹកថ្ងៃ៣ ខែកក្កដា ឆ្នាំ២០២៣នេះ។
លោក សុខ គឹមសួគ៌ នាយករងសាលាបឋមសិក្សាបាក់ទូក បានមានប្រសាសន៍ថា ថ្ងៃនេះសាលាទទួលស្វាគមន៍លោកគ្រូ អ្នកគ្រូពេទ្យជំនាញ មកពីមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ចុះមកធ្វើការអប់រំផ្សព្វផ្សាយ ស្តីព អនាម័យចំណីអាហារ និងសុវតិ្ថភាពមាត់-ធ្មេញ ជាពិសេសភេសជ្ជៈផ្អែម ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងធ្មេញរបស់កុមារ។
ជាមួយគ្នានោះដែរ ទន្តបណ្ឌិត ងី ទិត ប្រធានផ្នែកគ្រប់គ្រងសុខភាពបរិស្ថាន និងគ្រោះមហន្តរាយ រួមនិងអ្នកគ្រូពេទ្យ ហោ លីណែត មន្រ្តីផ្នែកសុខភាពបរិស្ថាន និងគ្រោះមហន្តរាយ នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងរួមគ្នាថា កម្មវិធីចុះអប់រំផ្សព្វផ្សាយនេះ បានចាប់ផ្តើមឡើងកាលពីខែកុម្ភះ ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ បានចំនួនជិត២០សាលាបឋមសិក្សាហើយ។ ដោយក្នុង១ខែ ក្រុមការងារគ្រូពេទ្យជំនាញ បានចុះធ្វើសកម្មភាពអប់រំ ចំនួន៤លើក តាមបណ្តាសាលាបឋមសិក្សានានាក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមពង្រឹងការអនុវត្ត និងសំដៅលើកកម្ពស់សុខុមាលភាព សុវតិ្ថភាព និងអនាម័យនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ក្នុងរាជធានីភ្នំពេញ។
ជាចុងក្រោយ ក្នុងនាមសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោក សុខ គឹមសួគ៌ ប្តេជ្ញាចិត្តលុបបំបាត់ភេសជ្ជៈផ្អែម ចានស្នោប៉ះពាល់បរិស្ថាន ទន្ទឹមនឹងនោះស្នើឲ្យអាណាព្យាបាលសិស្ស រៀបចំចាន ឬចានស្រាក់ជូនកូនៗរបស់គាត់ ដោយដាក់អាហារពីផ្ទះមក រួចយកទៅផ្ទះវិញ ជៀសវាងការប្រើប្រាស់ចាន ឬប្រអប់ស្នោ ដោយមិនបាច់បំផ្លាញបរិស្ថានក្នុងសាលារៀន៕ អត្ថបទ រដ្ឋា










