សូដង់ ៖ ប្រជាជនស៊ូដង់ នៅក្នុងរដ្ឋធានី Khartoum និងតំបន់ដែលនៅជុំវិញទីក្រុង កំពុងប្រឈមនឹងស្ថានភាពវេជ្ជសាស្ត្រធ្ងន់ធ្ងរ ក្នុងពេលជម្លោះប្រដាប់អាវុធរយៈពេល២ខែមកនេះ ដែលបានបង្ខំឲ្យ មន្ទីរពេទ្យក្នុងតំបន់ភាគច្រើនផ្អាកប្រតិបត្តិការ និងកាត់ផ្តាច់ការផ្គត់ផ្គង់។ នៅក្នុងទីក្រុង Khartoum និងតំបន់រដ្ឋធានីនៅជុំវិញនោះ រួមមានទីក្រុងKhartoum ខាងជើង និងទីក្រុង Omdurman ប្រព័ន្ធសុខាភិបាល និងវេជ្ជសាស្ត្រ ស្ទើរតែដួលរលំ។ មន្ទីរពេទ្យភាគច្រើនលែងមានប្រតិបត្តិការ បណ្តាលឲ្យមនុស្សជាច្រើនពុំដឹងទៅទីណាដើម្បីស្វែងរកការព្យាបាល។
ចាប់តាំងពីការផ្ទុះឡើងជម្លោះប្រដាប់អាវុធ នៅក្នុងប្រទេសស៊ូដង់កាលពីខែមេសា តំបន់រដ្ឋធានី គឺជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើន ភាគច្រើនរងផលប៉ះពាល់ដោយជម្លោះ ជាកន្លែងដែលហេត្ថារចនាសម្ព័ន្ធ ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ យោងតាមស្ថិតិពីក្រុមប្រឹក្សាវេជ្ជសាស្ត្រប្រទេសស៊ូដង់ បានឲ្យដឹងថា មន្ទីរពេទ្យចំនួន៥៩ ក្នុងចំណោម៨៩មន្ទីរពេទ្យ នៅក្នុងតំបន់រដ្ឋធានី បានផ្អាកសេវាទាំងស្រុង ហើយមាននៅសល់តែ៣០កន្លែងកំពុងធ្វើប្រតិបត្តិការពេញលេញឬដោយផ្នែក។ ប៉ុន្តែភាគច្រើនអាចផ្តល់ឲ្យតែ សេវាសង្គ្រោះបន្ទាន់ប៉ុណ្ណោះ។
នៅក្នុងទីក្រុង Omdurman ជាទីក្រុងមួយមានប្រជាជនជាង១លាននាក់ មានមន្ទីរពេទ្យតែមួយប៉ុណ្ណោះ នៅបន្តផ្តល់សេវា។ ទោះជាយ៉ាងណា វាកំពុងប្រឈមមុខការលំបាកជាច្រើន ដូចជាការកាត់ផ្តាច់ទឹក និងអគ្គិសនី កង្វះការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ និងបុគ្គលិកពេទ្យមិនគ្រប់គ្រាន់។ ជាធម្មតាមន្ទីរពេទ្យពុំអាចដោះស្រាយនូវចំនួនដ៏ច្រើននៃអ្នកជំងឺរងរបួសនោះទេ ជម្លោះដែលមានរយៈពេលជាង២ខែ បានកាត់ផ្តាច់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ និងការផ្គត់ផ្គង់ជំនួយមនុស្សធម៌នៅក្នុងតំបន់។ ឱសថកំចាត់មេរោគ ថ្នាំបំបាត់កាតឈឺចាប់ អុកស៊ីហ្សែន ថ្នាំស្ពឹក ឈាម និងការផ្គត់ផ្គង់វេជ្ជសស្ត្រផ្សេងទៀត និងឱសថ បានអស់ និងជិតអស់។

