
ក្រុមអ្នកជំនាញបានប្រាប់ទូរទស្សន៍កណ្តាលចិន (CCTV) ថាការសម្រេចរបស់រដ្ឋាភិបាលជប៉ុនក្នុងការបញ្ចេញសំណល់ទឹកកខ្វក់នុយក្លេអ៊ែរពីរោងចក្រហ៊្វូគូស៊ីម៉ា (Fukushima) ទៅក្នុងសមុទ្រ គឺជាការរំលោភច្បាប់អន្តរជាតិ។
អាជ្ញាធរនិយ័តកម្មនុយក្លេអ៊ែររបស់ប្រទេសជប៉ុន (NRA) បាននិយាយកាលពីថ្ងៃទី ៣០ ខែមិថុនាថា គ្មានបញ្ហាជាក់លាក់ណាមួយត្រូវបានរកឃើញជាមួយនឹងដំណើរការទាំងមូលនៃប្រព័ន្ធដែលទើបនឹងបញ្ចប់ថ្មីសម្រាប់ការបញ្ចេញសំណល់ទឹកកខ្វក់នុយក្លេអ៊ែរនោះទេ ហើយស្ថាប័ននិយតកម្មនុយក្លេអ៊ែរគ្រោងនឹងរៀបចំរបាយការណ៍ស្តីពីលទ្ធផលនៅប្រហែលមួយសប្តាហ៍ទៀត។
ជប៉ុនទទូចថា វាមានសុវត្ថិភាពក្នុងការបញ្ចេញសំណល់ទឹក ដែលបានធ្វើប្រព្រឹត្តិកម្មរួច ។ លោក Kumpei Hayashi សាស្ត្រាចារ្យរងនៃសាកលវិទ្យាល័យហ៊្វូគូស៊ីម៉ា (Fukushima University) បានសង្កត់ធ្ងន់ថា នៅតែមានបញ្ហាដែលមិនអាចដោះស្រាយបានជាមួយផែនការនេះ។
ពលរដ្ឋជប៉ុនបានធ្វើបាតុកម្មតាមដងផ្លូវជាច្រើនដង ដើម្បីតវ៉ាប្រឆាំងនឹងផែនការបង្ហូរសំណល់ទឹកវិទ្យុសកម្មរបស់រដ្ឋាភិបាលមួយនេះ។ លោក Hayashi ជឿជាក់ថា នាយកដ្ឋានពាក់ព័ន្ធគួរតែពិនិត្យស្ថានភាព និងធ្វើការសម្រេចបន្ទាប់ពីការពិភាក្សាយ៉ាងទូលំទូលាយជាមួយសាធារណជន។
អ្នកជំនាញរូបនោះ បានបញ្ជាក់ថា ប្រសិនបើជប៉ុនបន្តផែនការដ៏ចម្រូងចម្រាសរបស់ខ្លួនមួយនេះ នោះនឹងកំណត់គំរូអវិជ្ជមានយ៉ាងខ្លាំង ហើយប្រទេសនេះគួរតែទទួលខុសត្រូវចំពោះការខូចខាតដែលបណ្តាលមកពីអាកប្បកិរិយាឯកតោភាគីរបស់ខ្លួន។