បាល់ទាត់៖ ក្រុមជើងឯកលីគកំពូលស្កុតឡេន Glasgow Rangers បានស្នើសុំកុំអោយអ្នកគាំទ្ររបស់ខ្លួន ប្រមូលផ្តុំគ្នាអបអរសាទរនៅសប្ដាហ៍ចុងក្រោយ នៃលីគកំពូលស្កុតឡេន។ Rangers នឹងទទួលពានជើងឯកលីគស្កុតឡេនរបស់ខ្លួននៅក្នុងកីឡដ្ឋាន Ibrox ក្នុងការប្រកួតសប្ដាហ៍ចុងក្រោយទទួលស្វាគមន៍ Aberdeen នៅថ្ងៃសៅរ៍នេះ។

តែអ្នកគាំទ្រនៅតែមិនត្រូវបានអនុញ្ញាត អោយចូលទស្សនាក្នុងកីឡដ្ឋាននៅឡើយ កីឡាករក្នុងក្រុមទាំងអស់នឹងមិនអាចចែករំលែកភាពសប្បាយរីករាយរបស់ខ្លួន ជាមួយអ្នកគាំទ្របានឡើយ។ Rangers បានស្នើអោយអ្នកគាំទ្រគោរព តាមវិធានការសុខាភិបាលរបស់រដ្ឋាភិបាល ស្របពេលជំងឺរាតត្បាត Covid-19 នៅមានវត្តមាននៅឡើយ។ សូមបញ្ជាក់ថា Glasgow Rangers បានដឹងខ្លួនថា គ្រងជើងឯកលីគកំពូលស្កុតឡេន ជាលើកដំបូងតាំងពីដើមខែមីនាកន្លងទៅ ហើយនៅពេលនោះដែរអ្នកគាំទ្រ Rangers រាប់ពាន់នាក់បានប្រមូលផ្តុំគ្នាដោយមិនរក្សាគំលាត និងឈានដល់ការប៉ះទង្គិចជាមួយក្រុមនគរបាលផងដែរ។
ក្រុមរបស់លោក Steven Gerrard មកដល់ពេលនេះមិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយរដូវកាលនេះ កំពុងមាន ៩៩ពិន្ទុក្រោយជ័យជំនះ ៣-០ កាលពីថ្ងៃពុធនៅទឹកដី Livingston។ នេះជាជើងឯកលីគកំពូលស្កុតឡេនដំបូងរបស់ Rangers ក្នុងមួយទសវត្សរ៍ចុងក្រោយដែលគ្រប់គ្រងដោយក្រុមក្បែររបង Glasgow Celtic៕
អត្ថបទ៖នាង សុភាវុធ