
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shangfu បានជួបជាមួយឧត្តមនាវីឯក Nikolai Yevmenov ដែលជាអគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី នៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃចន្ទ (ទី៣ ខែកក្កដា)នេះ។
ក្នុងជំនួបនេះ លោក Li បានប្រាប់លោក Yevmenov ថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយភាគីរុស្ស៊ី ដើម្បីអនុវត្តនូវការឯកភាពដ៏សំខាន់របស់ប្រមុខរដ្ឋទាំង២ ហើយបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគីនៃកិច្ចសម្របសម្រួល សម្រាប់យុគសម័យថ្មី។
រដ្ឋមន្ត្រីការពារជាតិចិន បាននិយាយថា ដោយមានកិច្ចប្រឹងប្រែងរួមគ្នារបស់ភាគីទាំង២ ទំនាក់ទំនង រវាងយោធាទាំង២ នឹងបន្តរីកចម្រើនទាំងក្នុងភាពស៊ីជម្រៅ និងទាំងប្រកបដោយខ្លឹមសារ បន្តធ្វើឲ្យមានវឌ្ឍនភាពថ្មី និងឈានទៅកម្រិតថ្មីមួយ។ ជាមួយគ្នានេះ លោក Li ក៏បានសម្តែងនូវក្តីសង្ឃឹមផងដែរថា កងទ័ពជើងទឹកនៃប្រទេសទាំង២ នឹងពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិតទាំងអស់ ហើយរៀបចំសមយុទ្ធ និងការល្បាតរួមជាប្រចាំ។
ចំណែកឯលោក Yevmenov បាននិយាយថា ភាគីរុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងយោធារុស្ស៊ី និងចិន ក្នុងវិស័យផ្សេងៗ។ លោកក៏បានប្តេជ្ញាពង្រីកការផ្លាស់ប្តូរ រវាងកងទ័ពជើងទឹកទាំង២ នៅគ្រប់កម្រិតទាំងអស់ និងបន្តជំរុញទំនាក់ទំនង រវាងយោធាទាំង២ ឲ្យឈានដល់កម្រិតខ្ពស់ថ្មី៕