
ការិយាល័យអន្តរជាតិមួយដើម្បីស៊ើបអង្កេតលើរុស្ស៊ីជុំវិញការវាយលុករបស់ប្រទេសនេះលើអ៊ុយក្រែន បានបើកដំណើរការនៅក្នុងទីក្រុងឡាអេ នៅថ្ងៃចន្ទនេះ ជាជំហានដំបូងឆ្ពោះទៅរកលទ្ធភាពបង្កើតរុលាការសម្រាប់កាត់ទោសថ្នាក់ដឹកនាំរបស់ទីក្រុងមូស្គូ។
មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការកាត់ក្តីឧក្រិដ្ឋកម្មនៃការឈ្លានពាន(ICPA)បង្ហាញរដ្ឋអាជ្ញាមកពីទីក្រុងគីវ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។
មជ្ឈមណ្ឌលនេះ នឹងស៊ើបអង្កេតនិងប្រមូលភ័ស្តុតាងក្នុងដំណើរការ ដែលត្រូវបានមើលឃើញថា ជាដំណាក់កាលបណ្តោះអាសន្ន មុននឹងឈានទៅបង្កើតតុលាការពិសេសមួយដែលអាចនាំក្រុមមន្ត្រីនៃវិមានក្រឹមឡាំងមកកាត់ទោស ជុំវិញការចាប់ផ្តើមសង្គ្រាមអ៊ុយក្រែន។
ទីភ្នាក់ងារសហភាពអឺរុបផ្នែកព្រហ្មទណ្ឌឬ Eurojust បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមមន្ត្រីជាន់ខ្ពស់ នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅ ICPA នៅស្នាក់ការកណ្តាលនៃទីភ្នាក់ងារយុត្តិធម៌របស់EU ឬEurojust ដែលគ្រោងនឹងចាប់ផ្តើម នៅម៉ោង១១និង១៥នាទីព្រឹក (ម៉ោង០១៩១៥ ម៉ោងសកល)។
សេចក្តីថ្លែងការណ៍នោះ បានឱ្យដឹងថា ពួកគេរាប់បញ្ចូលអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក អានឌ្រី កូស្ទីន ( Andriy Kostin) រដ្ឋអាជ្ញា ICC លោក ការីម ខាន់ (Karim Khan) ជំនួយការអគ្គមេធាវីអាមេរិក លោក កែណេត ផូឡៃ (Keneth Polite) និងស្នងការយុត្តិធម៌ EU លោក ឌីឌីអឺ រីនឌឺរស៍ (Didier Reynders)។