
យោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា ការផ្ទុះមួយត្រូវបានគេរាយការណ៍ថា បានកើតមានឡើងនៅឯអគារមួយ ក្នុងទីក្រុងតូក្យូ នៅរសៀលថ្ងៃចន្ទ (ទី៣ ខែកក្កដា)នេះ ដោយមានផ្សែងហុយចេញពីកន្លែងកើតហេតុនោះ ខណៈមនុស្ស ៤នាក់ រងរបួស។
ទូរទស្សន៍ NHK បានផ្សាយថា អ្នករងរបួស ២នាក់ គឺជាបុគ្គលិកនៃភោជនីយដ្ឋានមួយ ដែលត្រូវបានគេជឿថា ជាប្រភពនៃការផ្ទុះនេះ ហើយ ២នាក់ផ្សេងទៀត ជាអ្នកដំណើរ។ អ្នករងរបួសទាំងអស់នោះ ត្រូវបានគេដឹងថា ពុំមានស្ថានភាពធ្ងន់ធ្ងរនោះទេ។
សេចក្ដីការណ៍បានឲ្យដឹងថា នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូ កំពុងធ្វើការឆ្លើយតប បន្ទាប់ពីអ្នកដំណើរម្នាក់ បានរាយការណ៍ថា មានការផ្ទុះក្នុងអាគារនៅវេលាម៉ោងប្រហែល ៣:១៥រសៀល ក្នុងស្រុក Shimbashi។ អគារនេះ មានទីតាំងនៅខាងលិចស្ថានីយ៍រថភ្លើង JR Shimbashi។
គេឃើញមានផ្សែងហុយចេញពីអាគារជាន់ទី២ ហើយកញ្ចក់ និងបំណែកកម្ទេចកម្ទី ត្រូវបានឃើញនៅរាយប៉ាយ ជុំវិញកន្លែងនោះ។ ស្នងការនគរបាលទីក្រុងតូក្យូ កំពុងស៊ើបអង្កេតលម្អិតបន្ថែមទៀត និងពិនិត្យមើលថា តើមាននរណាម្នាក់ផ្សេងទៀត រងរបួសឬអត់៕