ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថាគ.ជ.ប. បានឲ្យដឹងថា ថ្ងៃទី៣ នៃយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនានាទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានប្រព្រឹត្តទៅដោយរលូន និងគ្មានហិង្សាណាមួយកើតឡើងនោះឡើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប.ដែលបានចេញនូវល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះបានបញ្ជាក់ថា នៅថ្ងៃនេះគឺជាថ្ងៃទីបីនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលបណ្តាគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាព ឃោសនាបោះឆ្នោតតាមលទ្ធភាព និងមធ្យោបាយរបស់ខ្លួន។
សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប.បានលើកឡើងទៀតថា ផ្អែកតាមរបាយការណ៍របស់គណៈ កម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត(គធ.ខប) នៅថ្ងៃទីបីនេះ គណបក្សនយោបាយបានធ្វើការ ឃោសនាបោះឆ្នោត ដែលភាគច្រើនជាសកម្មភាពនៃការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និង ចល័តតាមភូមិ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ ការបិទខិតបណ្ណនៅទីសាធារណៈ និងការជួបប្រជុំផងដែរ ដែលការជួបជុំភាគច្រើនធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះដែរគ.ជ.ប.បានឲ្យដឹងទៀតថា គណបក្សនយោបាយចំនួន៤បានធ្វើសកម្មភាពហែ ក្បួនឃោសនាបោះឆ្នោត។ ដោយក្នុងនោះគណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលរាជ ធានីភ្នំពេញ គណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ គណបក្សខ្មែរឈប់ក្រ បានហែក្បួនឃោសនានៅមណ្ឌលកំពង់ស្ពឺ និងគណបក្សខ្មែររូបរួមជាតិ បានហែក្បួនឃោសនានៅមណ្ឌល ប៉ៃលិន មណ្ឌលកំពង់ធំ និងមណ្ឌលខេត្តព្រះវិហារ។
យ៉ាងណាក៏ដោយស្ថានភាពជារួមត្រូវបានគ.ជ.ប.បញ្ជាក់អះអាងថា«ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងបីថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សាជាដើម»។
សូមបញ្ជាក់ថា យុទ្ធនការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនានាសម្រាប់ ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ គឺធ្វើរយៈពេល២១ថ្ងៃគឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៣នេះ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែងតាម បែបប្រជាធិបតេយ្យសេរីពហុបក្ស៕ ដោយ ៖ បាន ចក់




