បាល់ទាត់៖ កីឡាការិនីខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់ស្ត្រី Olympique Lyon, Ada Hegerberg បានបំបែកកំណត់ត្រាជាកីឡាការិនី ស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ នៃការប្រកួតក្របខណ្ឌ UEFA Women Champions League ទើបតែវ័យ ២៤ឆ្នាំប៉ុណ្ណោះ។
ខ្សែប្រយុទ្ធសញ្ជាតិន័រវែសរូបនេះ បានយកឈ្នះកំណតត្រាចាស់របស់កីឡាការិនីអាល្លឺម៉ង់ Anja Mittag ដែលស៊ុតបានសរុប ៥១គ្រាប់ ខណៈ Ada Hegerberg នៅពេលនេះមាន ៥៣គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ៥០ប្រកួតនៅ Champions League ស្ត្រី បន្ទាប់ពីស៊ុតបានពីរគ្រាប់ក្នុងជ័យជំនះរបស់ Lyon ៧–០ លើ Fortuna Hjorringយប់មិញ។ ទើបតែមានវ័យ ២៤ឆ្នាំប៉ុណ្ណោះ Ada Hegerberg បង្ហាញខ្លួនក្នុងការប្រកួតអោយក្លិបអាជីពសរុប ២១៨ប្រកួតរកបាន ២១៧គ្រាប់។
Ada Hegerberg បានផ្ទេរមកកាន់ Olympique Lyon តាំងពីឆ្នាំ២០១៤ ដោយបង្ហាញខ្លួននៅ Lyon បាន ១១០ប្រកួតរកបាន ១៣៨គ្រាប់ ដោយឈ្នះជើងឯកលីគក្នុងស្រុក ៥លើក, ជើងឯកទ្វីបអឺរ៉ុប ៤លើក និងឈ្នះពានកិត្តិយសកីឡាការិនីឆ្នើមបំផុតប្រចាំឆ្នាំ Ballon d’Or ផងដែរ៕
អត្ថបទ៖នាង សុភាវុធ