
វិមានក្រឹមឡាំង បានឲ្យដឹង នៅថ្ងៃចន្ទ (ទី៣ ខែកក្កដា) នេះ ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) នឹងចូលរួមកិច្ចប្រជុំនាពេលខាងមុខរបស់ប្រមុខរដ្ឋនៃប្រទេសសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។
យោងតាមវិមានក្រឹមឡាំង បានឲ្យដឹងថា ប្រមុខដឹកនាំ ដែលចូលរួមក្នុងកិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើសេចក្តីប្រកាសញូវដែលីដែលស្នើឡើងដោយប្រទេសឥណ្ឌា ដែលរួមមានសេចក្តីថ្លែងការណ៍ចំនួន៤ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងសមាជិកទាំងអស់ ជាពិសេសក្នុងវិស័យកាត់បន្ថយសកម្មភាពជ្រុលនិយម ការផ្លាស់ប្តូរឌីជីថល និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
កិច្ចប្រជុំនេះ ដែលប្រទេសឥណ្ឌាធ្វើជាប្រធាន នឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃទី៤ ខែកក្កដា៕