
ដោយធ្វើអត្ថាធិប្បាយដំបូងពាក់ព័ន្ធនឹងការបះបោររយៈពេលខ្លី រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយ នៅថ្ងៃចន្ទ (ទី៣ ខែកក្កដា) នេះ ថា ការបះបោរមួយវឹបរបស់ក្រុមទាហានស៊ីឈ្នួល Wagner កាលពីខែមុន មិនបានប៉ះពាល់ដល់ «ប្រតិបត្តិការយោធាពិសេស» របស់ប្រទេសរុស្ស៊ី នៅអ៊ុយក្រែននោះឡើយ។
ក្រុមទាហានស៊ីឈ្នួល Wagner បានកាន់កាប់ទីក្រុង Rostov ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ហើយបានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូ នៅថ្ងៃទី២៤ ខែមិថុនា ខណៈដែលមេដឹកនាំរបស់ក្រុម គឺលោក Yevgeny Prigozhin បានទាមទារឲ្យបណ្តេញលោក Shoigu និងអគ្គសេនាធិការលោក Valery Gerasimov។
វិបត្តិនេះត្រូវបានបំផ្លាញចោល នៅពេលដែលប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀង រវាងវិមានក្រឹមឡាំង និងលោក Prigozhin។
លោក Shoigu បាននិយាយថា ការបះបោរនេះ មានគោលបំណងធ្វើឲ្យរុស្ស៊ីអស្ថិរភាព ប៉ុន្តែបានបរាជ័យ ដោយសារតែភាពស្មោះត្រង់របស់កងទ័ព ហើយមិនបានប៉ះពាល់ដល់ស្ថានភាព នៅសមរភូមិជួរមុខនោះទេ៕