អ៊ីស្រាអែល៖ មានការវាយប្រយុទ្ធតបតគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធប៉ាឡេស្ទីន ក្នុងជំរំជនភៀសខ្លួនក្រុង ចេនីន(Jenin)ស្ថិតក្នុងតំបន់វ៉េសបែង(West Bank) គ្រប់គ្រងដោយអ៊ីស្រាអែល។ យោធាអ៊ីស្រាអែលបានចាប់ផ្ដើមនូវអ្វីដែលទំនងជាប្រតិបត្តិការមួយក្នុងចំណោមប្រតិបត្តិការធំបំផុតជាច្រើន ក្នុងដែនដីនេះជាច្រើនឆ្នាំមកនេះដែលមានការវាយប្រហារដោយយានដ្រូនជាច្រើន កាលពីព្រឹកថ្ងៃចន្ទ។ ក្រុមមន្ត្រី សុខាភិបាល និយាយថា ជនជាតិប៉ាឡេស្ទីនចំនួន៩នាក់ ត្រូវបានសម្លាប់ និង១០០នាក់រងរបួស ។

អ៊ីស្រាអែល និយាយថា ខ្លួនកំពុងព្យាយាមបញ្ឈប់ទីក្រុងចេនីន ពីការវាយប្រហារភេរវកម្មចេញពីជំរំជនភៀសខ្លួន តែប៉ាឡេស្ទីន បានចោទប្រកាន់ថាជាឧក្រិដ្ឋកម្មសង្គ្រាម។
យោធាអ៊ីស្រាអែល និយាយថា ពុំមានការបញ្ជាក់ពីពេលវេលាជាក់លាក់សម្រាប់ការបញ្ចប់ប្រតិបត្តិការនេះទេ ប៉ុន្តែ អាចបន្តច្រើនម៉ោងឬច្រើនថ្ងៃទៀត ។
ទីក្រុងចេនីន បានក្លាយជាបន្ទាយដ៏រឹងមាំរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនជំនាន់ថ្មី ដែលបានធ្វើឲ្យមានការខកចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំដ៏ចាស់កំរិលរបស់អាជ្ញាធរប៉ាឡេស្ទីន និងការរឹតត្បិតលើការកាន់កាប់របស់អ៊ីស្រាអែល។
គេបានមើលឃើញ ការវាយឆ្មក់ជាច្រើនម្ដងហើយម្ដងទៀតពីសំណាក់យោធាអ៊ីស្រាអែល កាលពីឆ្នាំមុន ខណៈពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ បានបើកការវាយប្រហារដ៏គគ្រើកលើជនជាតិអ៊ីស្រាអែល ។ខ្មាន់វាយប្រហារប៉ាឡេស្ទីនផ្សេងទៀត បានសំងំលាក់ខ្លួននៅទីនោះ។
កាលពីឆ្នាំ២០០២ អំឡុងការបះបោរលើកទី២របស់ជនជាតិប៉ាឡេស្ទីន កងកម្លាំងអ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំក្នុងទីក្រុងចេនីន។ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងជនស៊ីវិល យ៉ាងហោចណាស់៥២នាក់បានស្លាប់ និងទាហានអ៊ីស្រាអែល ២៣នាក់បានស្លាប់ អំឡុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារយៈពេល១០ថ្ងៃ៕
