ភ្នំពេញ៖ ក្រសួងសុខាភិបាល បានជំរុញទៅអភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យពង្រឹងបន្ថែមទៀតនូវវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩នៅមូលដ្ឋានរបស់ខ្លួន។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ ក្រសួងសុខាភិបាល អំពាវនាវឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្ដពង្រឹងការអនុវត្តច្បាប់ វិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតឱ្យមានប្រសិទ្ធភាពខ្ពស់ ។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ត្រូវលើកកម្ពស់ការយល់ដឹងអំពីវិធានការបង្ការជំងឺកូវីដ-១៩ ឱ្យកាន់តែស៊ីជម្រៅទៅដល់បុគ្គល គ្រួសារ និងសហគមន៍៕
