សេណេហ្គាល់៖ ប្រធានាធិបតីសេណេហ្គាល់លោក Macky Sall បានឲ្យដឹងនៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃចន្ទ (ទី៣ ខែកក្កដា) ថា លោកនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនោះទេ ក្នុងការបោះឆ្នោតឆ្នាំ២០២៤ ដោយការលើកឡើងនេះបានបញ្ចប់ការរំពឹងទុកជាទូទៅថា លោកនឹងស្វះស្វែងរកអាណត្តិទី៣ ដែលអ្នករិះគន់លើរូបលោក បាននិយាយថា នឹងប្រព្រឹត្តទៅដោយខុសច្បាប់។
ពាក្យចចាមអារ៉ាមដែលថា លោក Sall នឹងព្យាយាមបន្តការកាន់អំណាចរបស់លោក បានបង្កើតឲ្យមានជម្លោះដ៏អាក្រក់បំផុត ចាប់តាំងពីឆ្នាំ២០២១ មក ដែលក្នុងនោះមនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ និងបានធ្វើឲ្យរង្គោះរង្គើដល់មុខមាត់របស់ប្រទេសសេណេហ្គាល់ ក្នុងនាមជាមណ្ឌលនៃលទ្ធិប្រជាធិបតេយ្យដែលមានស្ថិរភាពនៅអាហ្វ្រិកខាងលិច។

លោក Sall បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «ការសម្រេចចិត្តរបស់ខ្ញុំ ដែលគិតពិចារណាយ៉ាងយូរ និងដោយប្រុងប្រយ័ត្ន គឺមិនមែនដើម្បីក្លាយជាបេក្ខជន នៅក្នុងការបោះឆ្នោតបន្ទាប់នោះទេ បើទោះបីជារដ្ឋធម្មនុញ្ញផ្តល់សិទ្ធិឲ្យខ្ញុំក្នុងការធ្វើដូច្នេះក៏ដោយ។ ប្រទេសសេណេហ្គាល់ គឺធំជាងខ្ញុំទៅទៀត ហើយប្រទេសនេះពោរពេញទៅដោយមេដឹកនាំ ដែលមានសមត្ថភាពដូចៗគ្នា ដែលមកជួយជំរុញប្រទេសឲ្យឆ្ពោះទៅរកភាពរីកចម្រើនបាន»។
ភាពចលាចលថ្មីចុងក្រោយបំផុត បានកើតឡើងកាលពីខែមុន បន្ទាប់ពីមានការកាត់ទោសលើមេដឹកនាំបក្សប្រឆាំងដ៏មានប្រជាប្រិយភាពលោក Ousmane Sonko ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ក្រោមបទចោទ ដែលកើតចេញពីការចោទប្រកាន់ពាក់ព័ន្ធនឹងករណីរំលោភ ជាពាក្យចោទប្រកាន់ដែលលោក Sonko បានបដិសេធ ហើយនិយាយថា ជាការចោទប្រកាន់មានហេតុផលនយោបាយ ដើម្បីបញ្ឈប់រូបលោកមិនឲ្យឈរឈ្មោះនៅក្នុងការបោះឆ្នោត៕
