ជប៉ុន៖ ប្រទេសជប៉ុន ត្រៀមទទួលរបាយការណ៍ចុងក្រោយពីទីភ្នាក់ងារឃ្លាំមើលរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារ (ទី៤ ខែកក្កដា) នេះ ដែលត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងអនុម័តផែនការសម្រាប់រោងចក្រហ្វូគូស៊ីម៉ា (Fukushima) ដែលត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិ ដើម្បីបញ្ចេញទឹកវិទ្យុសកម្មចូលទៅក្នុងមហាសមុទ្រ ក្នុងរយៈពេលពី៣០ ទៅ ៤០ឆ្នាំខាងមុខ។
ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃទៅកាន់ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ ដែលនៅទីនោះលោកនឹងជួបជាមួយនាយករដ្ឋមន្ត្រីលោក Fumio Kishida និងផ្តល់លទ្ធផលនៃការត្រួតពិនិត្យសុវត្ថិភាពរយៈពេល ២ឆ្នាំរបស់ខ្លួន។

ប្រទេសជប៉ុនមិនបានបញ្ជាក់ពីកាលបរិច្ឆេទ សម្រាប់ការបញ្ចេញទឹកនេះនោះទេ ដោយរង់ចាំការត្រួតពិនិត្យចុងក្រោយរបស់ IAEA និងការអនុម័តផ្លូវការពីស្ថាប័នគ្រប់គ្រងថាមពលនុយក្លេអ៊ែរជាតិ សម្រាប់ថាមពលអគ្គិសនីតូក្យូ (TEPCO)។ ការផ្ដល់ដំណឹងចុងក្រោយរបស់ស្ថាប័ននិយតកម្ម អាចមានលឿនបំផុតនៅសប្តាហ៍នេះ។
ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញទឹកចំនួន ១,៣សែនកោដិតោន ដែលប្រើសម្រាប់ធ្វើឲ្យត្រជាក់ដល់បំពង់ប្រេងឥន្ធនៈរបស់រោងចក្រហ្វូគូស៊ីម៉ា (Fukushima) ដែលរងការខូចខាតដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិ ក្នុងឆ្នាំ២០១១។ តែគម្រោងការនេះ បានបង្កឲ្យមានការតវ៉ានៅទូទាំងប្រទេសជប៉ុន ក៏ដូចជានៅក្នុងប្រទេសជិតខាងកូរ៉េខាងត្បូង ចិន ហ្វីលីពីន និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិកផងដែរ៕
