ភ្នំពេញ៖ ក្រុមឃោសនាចល័តរបស់គណបក្សប្រជាជនកម្ពុជា ប្រចាំខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តយុទ្ធនាការឃោសនាចល័តក្នុងមូលដ្ឋានខណ្ឌ៧មករា ជូនដល់យុវវ័យ ប្រជាពលរដ្ឋ ដែលបានចូលរួមគាំទ្រ ក៏ដូចជាប្រជាជនទូទៅ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បានស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
លោក ទូច សារឹម ប្រធានក្រុមឃោសនាចល័តរបស់គណបក្សប្រជាជនកម្ពុជា ប្រចាំខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រាប់BTV ព័ត៌មាននៅព្រឹកនេះថា ក្រុមការងារឃោសនាចល័ត មានភារកិច្ចចុះឃោសនានៅតាមទីប្រជុំជនសាធារណៈ ចាប់ពីថ្ងៃបើកយុទ្ធនាការ និងរហូតដល់ថ្ងៃបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅតាមទីតាំងដែលមានប្រជាពលរដ្ឋរស់នៅកុះករ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីមាគ៌ា គោលនយោបាយគណបក្សប្រជាជនកម្ពុជា សំខាន់បំផុតត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន ។
សមាជិក សមាជិកាបក្ស រួមនឹងប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ បានបង្ហាញអំពីការពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន មានគុណបំណាច់យ៉ាងធំធេង នឹងបានដឹកនាំរាជរដ្ឋាភិបាលយ៉ាងយូរ និងធ្វើឲ្យប្រជាជនរស់នៅបានសុខសាន្ត និងមានការអភិវឌ្ឍឥតឈប់ឈរ៕ អត្ថបទ រដ្ឋា





