ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នេះបានបញ្ជាក់ថា គណនី TikTok ផ្លូវការរបស់សម្ដេច គឺមានតែមួយគត់ដែលមានឈ្មោះថា Hunsen of Cambodia ដោយមានការបញ្ជាក់ទទួស្គាល់ផ្លូវការសញ្ញាគ្រីសបៃតងពីក្រុមហ៊ុន TikTok។
គិតត្រឹមថ្ងៃទី៤ខែកក្កដានេះ គណនី TikTok របស់សម្ដេចតេជោ មានអ្នកចូលចិត្ត (Like) ជាង ៣០ ម៉ឺននាក់ និងអ្នកគាំទ្រ (Followers) ជាង ៧៤០០០នាក់ ដោយប្រជាពលដ្ឋអាចចូលទៅកាន់គណនីផ្លូវការរបស់សម្ដេចតេជោ បានដោយគ្រាន់តែស្វែងរកឈ្មោះ Hunsen of Cambodia។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការប្រើប្រាស់គណនី TikTok នេះ ដោយសាររយៈពេលកន្លងមក សម្ដេចបានប្រើប្រាស់ គណនីហ្វេសប៊ុក (Facebook) ប៉ុន្ដែមានការក្លែងបន្លំគណនីច្រើនរហូតដល់ជាង ២០ ដែលធ្វើឱ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់ដូចគ្នា ដូច្នេះទើបសម្ដេចសម្រេចចិត្តប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដែលមានភាពងាយស្រួលប្រើដូចជា TikTok និង Telegram ជំនួសវិញ។
សូមជម្រាបថា កាលពីនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសលុបចោលគណនីហ្វេសប៊ុកផ្លូវការរបស់សម្ដេច ដោយប្រើប្រាស់គណនី Telegram និងTikTok ជំនួសវិញ ដើម្បីផ្សព្វផ្សាយសកម្មភាពនានារបស់សម្ដេច រួមនឹងព័ត៌មានផ្លូវការជាច្រើនពីប្រភពនានាផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

