ភ្នំពេញ៖ ស្ថិតក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ក្រុមការងារគណបក្សប្រជាជនកម្ពុជានៅក្នុងមូលដ្ឋានរាជធានីភ្នំពេញកំពុងមមាញឹកឃោសនារកសំឡេងឆ្នោត។ ជាក់ស្តែងនៅថ្ងៃទី៤ខែកក្កដានេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជានៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបន្តចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សនៅក្នុងមូលដ្ឋាន។
បើតាមលោក មូល វីរៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ឫស្សីកែវ បានប្រាប់BTVថា ការចុះផ្សព្វផ្សាយគោនយោបាយគណបក្សប្រជាជនកម្ពុជា នាពេលនេះ មានដូចជា៖ ចែកខិត្តប័ណ្ណ បិទពាក្យស្លោក បង្រៀនរបៀបគូសសន្លឹកឆ្នោត និងណែនាំដល់ប្រជាពលរដ្ឋត្រៀមឯកសារពាក់ព័ន្ធដើម្បីងាយស្រួលពេលទៅបោះឆ្នោត ។
លើសពីនេះ លោកបន្តថា គណបក្សប្រជាជន គឺជាគណបក្សដាក់ចេញគោលនយោបាយច្បាស់លាស់ បំរើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រសិនបើគណបក្សជាប់ឆ្នោត និងធ្វើតាមគោលនយោបាយដែលបានដាក់ចេញ។ ដូច្នេះសូមបង ប្អូន ប្រជាពលរដ្ឋ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងបន្តគាំទ្រឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត ។
ពលរដ្ឋបានលើកឡើងដែរថា ដោយមើលឃើញពីស្នាដៃជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា បានអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងការរស់នៅសុខស្រួល ក្រោមម្លប់សន្តិភាព ដូច្នេះនៅថ្ងៃទី២៣ខែកក្កដាខាងមុខនេះ នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអនាគតកូនចៅរស់នៅសុខស្រួល និងប្រទេសជាតិអភិវឌ្ឍន៍រីកចម្រើនទៅមុខបន្តទៀត៕ អត្ថបទ៖ ទូច សោភ័ណ





