កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានជួយខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាលជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលរស់នៅ ឃុំធម្មតាអរ និងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ការជួបសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងប្រាប់ទៅសមាជិកសមាជិកា រស់នៅក្នុងមូលដ្ឋានថា បើគណបក្សប្រជាជនកម្ពុជា នៅតែបន្តឈ្នះឆ្នោតពេលខាងមុខ ក្រៅពីរក្សាសុខសន្តិភាព ការអភិវឌ្ឍ គឺនឹងធានារក្សារាល់អត្ថប្រយោជន៍ទាំងអស់ សម្រាប់ប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការិនីកំពុងទទួលបានពេលបច្ចុប្បន្ន។
អត្ថប្រយោជន៍គឺសំដៅលើកម្មវិធីជំនួយសង្គមជាច្រើន សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាអត្ថប្រយោជន៍ដែលកម្មករកម្មការិនី ជាពិសេសកម្មការិនីដែលមានផ្ទៃពោះកំពុងទទួលបាន ក៏ដូចជាការដំឡើងប្រាក់ខែជារៀងរាល់ឆ្នាំ សម្រាប់កម្មករកម្មការិនី ទោះក្នុងស្ថានការណ៍ណាក៏ដោយ។
ឯកឧត្តមថា គណបក្សប្រជាជនកម្ពុជា គឺមានគោលដៅបម្រើដល់ប្រជាពលរដ្ឋគ្រប់រូប ធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ និងមិនទុកពលរដ្ឋណាមួយអោយនៅដាច់ដោយឡែកនោះទេ។
ឯកឧត្តម ក៏បានផ្ដែផ្ដាំទៅឪពុកម្ដាយ អាណាព្យាបាល ដែលមានកូនចៅ ធ្វើការនៅតាមរោងចក្រ មិនត្រូវជឿពាក្យញុះញង់ របស់ជនមួយចំនួន ដែលថានឹងមានការបិទរោងចក្រ ពេលដែលគណបក្សប្រជាជនឈ្នះឆ្នោតនោះទេ។
ខណៈការបោះឆ្នោតខិតចូលមកដល់ ឯកឧត្តម បានក្រើនរម្លឹកអោយពលរដ្ឋគ្រប់អាយុបោះឆ្នោត ត្រូវតែត្រៀមឯកសារចាំបាច់ សម្រាប់ការបោះឆ្នោត។ ឯកសារនោះ គឺសំដៅលើអត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណ ។
ទន្ទឹមនឹងមានឯកសារគ្រប់គ្រាន់ ឯកឧត្តមបញ្ជាក់អោយសមាជិក សមាជិកា ដឹងពីរបៀបគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ ដើម្បីធានាថាជាសន្លឹកឆ្នោតបានការ។
សម្រាប់សមាជិកសមាជិកា គណបក្សប្រជាជន ដែលបានគាំទ្រគណបក្សតាំងពីការចាប់ផ្ដើមបោះឆ្នោតលើកដំបូងនៅកម្ពុជា ពួកគេនៅតែបង្ហាញឆន្ទៈគាំទ្រគណបក្សប្រជាជនកម្ពុជា។ ការបន្តគាំទ្រ ដោយសារពួកគេទទួលបានជីវិត រស់នៅដោយសុខសន្តិភាព គ្មានភាពភ័យខ្លាចដោយសារសង្គ្រាម និងមើលឃើញផ្ទាល់ពីការរីកចំរើន។
បច្ចុប្បន្នចាប់រាប់ពីថ្ងៃទី ១ ខែកក្កដា រហូតដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ ជាកំឡុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោត។ គ្រប់គណបក្សមានសិទ្ធិ ហែរក្បួន ផ្សព្វផ្សាយឃោសនា ពីគោលនយោបាយរបស់ខ្លួន ដើម្បីស្វែងរកអ្នកគាំទ្រ ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ គឺមានគណបក្សចូលរួមប្រកួតប្រជែងចំនួន ១៨គណបក្ស៕ អត្ថបទ៖ គឹមហុក





