ហុងកុង៖ នគរបាលទីក្រុងហុងកុងកាលពីថ្ងៃចន្ទ បានចោទប្រកាន់សកម្មជនមានមូលដ្ឋាននៅក្រៅប្រទេសចំនួន៨នាក់ពីបទប្រព្រឹត្តិបទល្មើសច្បាប់សន្តិសុខជាតិធ្ងន់ធ្ងរ រួមមានការឃុបឃិតជាមួយបរទេស និងការញុះញង់ឱ្យមានការផ្តាច់ខ្លួន និងផ្តល់រង្វាន់សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនជនណាម្នាក់។ ការចេញតាមរកចាប់ខ្លួន និងផ្តល់រង្វាន់ចំនួន១លានដុល្លារហុងកុង ស្មើនឹង១២៧,៦៥៦ដុល្លារ នគរបាលបាននិយាយថា ទ្រព្យសម្បត្តិរបស់ជនជាប់ចោទនឹងត្រូវបានបង្កក នៅកន្លែងដែលអាចធ្វើទៅបាន ហើយនគរបាលបានព្រមានដល់សាធារណជនកុំឱ្យជួយពួកគេនូវផ្នែកហិរញ្ញវត្ថុ បើពុំនោះទេនឹងប្រឈមហានិភ័យនៃការបំពានច្បាប់។
សកម្មជនទាំងនោះមានមូលដ្ឋាននៅកន្លែងផ្សេងៗគ្នារួមមាននៅសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី។ ពួកគេត្រូវបានចោទប្រកាន់ក្រោមច្បាប់សន្តិសុខជាតិដែលទីក្រុងប៉េកាំងបានដាក់មកលើអតីតអាណានិគមអង់គ្លេស នៅក្នុងឆ្នាំ ២០២០ បន្ទាប់ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះត្រូវបានរង្គោះរង្គើរដោយការតវ៉ាប្រឆាំងប្រទេសចិនដែលបានអូសបន្លាយពេលកាលពីឆ្នាំកន្លងទៅ។ ប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិក បាននិយាយថា ច្បាប់នេះត្រូវបានប្រើប្រាស់ដើម្បីដាក់គំនាបលើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងនេះ ហើយបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពដែលត្រូវបានធានាក្រោមរូបមន្ត «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ដែលបានព្រមព្រៀងគ្នានៅពេលទីក្រុងហុងកុងត្រូវបានប្រគល់មកឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ចិននៅឆ្នាំ ១៩៩៧។ អាជ្ញាធរចិន និងទីក្រុងហុងកុង បាននិយាយថា ច្បាប់នេះបានស្ដារឡើងវិញនូវភាពចាំបាច់ចំពោះស្ថិរភាពសម្រាប់ការរក្សាភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់ទីក្រុងហុងកុង។ នគរបាលបាននិយាយកាលពីថ្ងៃចន្ទថា មនុស្ស ២៦០ នាក់ត្រូវបានចាប់ខ្លួនដោយច្បាប់សន្តិសុខជាតិនេះសរុបរហូតមកដល់ពេលនេះ ដោយ៧៩នាក់ក្នុងចំណោមពួកគេត្រូវបានកាត់ទោសពីបទល្មើសមួយចំនួនរួមទាំងការប៉ះបោរ និងសកម្មភាពភេរវកម្ម។

