ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកក្កដានេះ ត្រូវនឹងថ្ងៃទី៤ នៃយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សនយោបាយនានាបន្តធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ និងបណ្ដាខេត្ត ក្នុងនោះគណបក្សនយោបាយមួយចំនួនបន្តធ្វើការឃោសនានៅរាជធានីភ្នំពេញ និងមួយចំនួននៅតាមបណ្ឌលនានាតាមបណ្ដាខេត្ត។
ឯកឧត្ដម ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មាននៃ គ.ជ.ប បានថ្លែងថា ក្នុងចំណោមគណបក្សនយោបាយទាំងអស់ គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពឃោសនាមានការផុសផុលជាងគេទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដែលមានសមាជិក សមាជិក និងអ្នកគាំទ្រជាច្រើនបានចូលរួមហែក្បួនឃោសនា។
ឯកឧត្ដមបន្តថា ដោយឡែកគណបក្សផ្សេងៗទៀតដែលមានសកម្មភាពផុសផុលទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្ត រួមមាន គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរឈប់ក្រជាដើម។
បើតាម គ.ជ.ប រយៈពេលថ្ងៃទី៣ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបណ្ដាគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោត គឺបានអនុវត្តទៅតាមលទ្ធភាព និងមធ្យោបាយរបស់ខ្លួន។
ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយបានធ្វើការឃោសនាបោះឆ្នោត ដែលភាគច្រើនជាសកម្មភាពនៃការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ ការបិទខិត្តបណ្ណនៅទីសាធារណៈ និងការជួបប្រជុំផងដែរ ដែលការជួបប្រជុំភាគច្រើនធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា


