ភ្នំពេញ ៖ ជាការត្រៀមសម្រាប់ការបើកដំណើរការផ្សារជាថ្មី បណ្ដាផ្សារនីមួយៗ ក្នុងរាជធានីភ្នំពេញ បានចំណាយពេលក្នុងកំឡុងពេលផ្អាកជាបណ្ដោះអាសន្ន ៣សប្ដាហ៍មកនេះ ដោយរៀបចំសណ្ដាប់ធ្នាប់ទូទៅ ការលាងសម្អាត និងជាពិសេសគឺបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីភាពសុវត្ថិភាពពេលបើកឡើងវិញ។
គិតមកត្រឹមថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១នេះ ការបិទផ្អាកដំណើរការផ្សារជាបណ្ដោះអាសន្នក្នុងរាជធានីភ្នំពេញដោយសារបញ្ហាកូវីដ-១៩ គឺមានរយៈពេល ៣សប្ដាហ៍ហើយ។ ក្នុងកំឡុងពេល៣សប្ដាហ៍នៃការផ្អាកនេះ គណៈកម្មការផ្សារនីមួយៗ ដូចជាផ្សារធំថ្មី ផ្សារបឹងកេងកង ផ្សារច្បារអំពៅ និងផ្សារជាច្រើនផ្សេងទៀត បានធ្វើសកម្មភាពនៅប្រចាំការ ២៤ម៉ោង ការពារទ្រព្យសម្បត្តិជូនអាជីវករ រៀបចំសណ្ដាប់ធ្នាប់ទូទៅជាថ្មី ការលាងសម្អាត ជាពិសេសគឺបាញ់ថ្នាំសម្លាប់មេរោគ ទាំងក្នុងនិងបរិវេណជុំវិញផ្សារ។
ជុំវិញការបើកដំណើរការផ្សារជាថ្មីនេះ លោក គួច ចំណាន ជាប្រធានផ្សារច្បារអំពៅ លើកឡើងថា ផ្សារពិតជាបានរៀបចំ បាញ់ថ្នាំសម្លាប់មេរោគរួចហើយ តែលោកថា សកម្មភាពទាំងនេះគឺមិនមានភាពច្បាស់លាស់អាចការពារសុវត្ថិភាព១០០%នោះទេ។ លោកថា ការបន្តបិទផ្អាកជាជម្រើសល្អ ព្រោះការបើកភ្លាមៗនាពេលនេះ អាចជាហានិភ័យ។
ចំពោះការបិទផ្សារនេះ លោកស្រី អ៊ីវ គីមគ្រី ជាអាជីវករមួយរូបនៅផ្សារច្បារអំពៅ លើកឡើងថា គាត់បានផ្អាកទៅលក់ជាង ១ខែទៅហើយ ការផ្អាកនេះ គឺធ្វើឡើងដោយចិត្តឯងដោយបារម្ភពីសុវត្ថិភាព ហើយការផ្អាកទៅលក់របស់គាត់នេះ គឺមុនសាលារាជធានីភ្នំពេញសម្រេចបិទផ្សារទាំងអស់។ លោកស្រីយល់ឃើញថា ចំពោះការបន្តបិទផ្សារអាចប៉ះពាល់ដល់ជីវភាពគ្រួសារគាត់ខ្លះ តែលោកស្រីក៏យល់ឃើញថា វាអាចមានសុវត្ថិភាពផងដែរ ព្រោះលោកស្រីក៏នៅតែបារម្ភថា បើបើកពេលនេះ ខ្លាចមានការឆ្លងកាន់តែច្រើន។
គិតមកត្រឹមព្រឹកថ្ងៃទី ១២ខែឧសភាឆ្នាំ ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ ពុំទាន់បានចេញសេចក្ដីសម្រេចថ្មី ជុំវិញការបន្តបិទផ្សារនោះទេ។ តាមការបញ្ជាក់ខ្លីរបស់លោក មេត មាសភក្ដី កាលពីថ្ងៃទី ១២ ខែឧសភា កន្លងទៅ បញ្ជាក់ថា ផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ អាចបន្តបិទ តែពុំទាន់មានការបញ្ជាក់ច្បាស់លាស់ពីរយៈពេលនោះទេ។ គួរបញ្ជាក់ថា ផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ បានផ្អាកដំណើរការជាបណ្ដោះអាសន្នរយៈពេល៣សប្ដាហ៍មកហើយ គិតត្រឹមថ្ងៃទី ១៤ ខែឧសភាឆ្នាំ២០២១នេះ។ ថ្ងៃទី ១៤ឧសភានេះ ក៏ជាថ្ងៃក្នុងការសម្រេចថ្មីលើកការផ្អាកដំណើរការផ្សារផងដែរ៕
អត្ថបទ៖ គឺមហុក





