ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍ជាតិ និងបណ្តាញសង្គមស៊ីវិលកម្ពុជា បានសង្កេតឃើញថារយៈពេល ៤ ថ្ងៃនៃសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ ២០២៣នេះ គណបក្សនយោបាយ និងអ្នកគាំទ្រកាន់មានភាពចាស់ទុំ និងបានធ្វើសកម្មភាពឃោសនាកាន់តែប្រសើរជាងអាណត្តិមុនៗទៅទៀត។
លោក សាខុន ប៉ូរិន អគ្គលេខាធិការរងនៃសហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា ឬហៅថា ក្រុមកែវភ្នែកយុត្តិធម៌ ដែលតែងតែចូលរួមសង្កេតការណ៍រៀងរាល់ការបោះឆ្នោតបានប្រាប់ BTV News នៅថ្ងៃទី៤ ខែកក្កដានេះថា សហព័ន្ធរបស់លោកមានអ្នកសង្កេតការណ៍បោះឆ្នោតជាង ១ ពាន់នាក់ សម្រាប់សង្កេតការណ៍តាមបណ្តារាជធានី-ខេត្ត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិនេះ។
លោកបន្តថា នាអំឡុងយុទ្ធនាការឃោសនានេះ ក្រុមការងាររបស់លោកសង្កេតឃើញបណ្តាអ្នកនយោបាយមកពីគណបក្សទាំង១៨ បានធ្វើសកម្មភាពឃោសនាមានឥរិយាបថចាស់ទុំជាងអាណត្តិមុនៗ និងគោរពគ្នាទៅវិញទៅមក។
លោក ទុំប៉ែន វីរៈវិទូ ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា លើកឡើងថា យុទ្ធនាការបោះឆ្នោតរយៈពេល៤ថ្ងៃកន្លងមកនេះ សកម្មភាពឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំងអស់ គឺអនុវត្តបានល្អតាមច្បាប់ហើយអ្នកនយោបាយគ្រប់រូបគោរពក្រមសីលធម៌គ្នាទៅវិញទៅមក ដែលនេះឆ្លុះបញ្ចាំងពីយុទ្ធនាការឃោសបោះឆ្នោតក្នុងអាណត្តិមានភាពកាន់តែប្រសើរជាងមុន។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២៣នេះ ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៣ កក្កដាខាងមុខនេះ ដែលនឹងមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតជាង ៩លាន៧សែននាក់៕អត្ថបទ៖ សេក ឧត្តម




