ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ លើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានជួយសង្រ្គោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ និងសុខចិត្តនៅខាំស្មៅ ក្រាញននាល រួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ដោយមិនដែលរត់ចោលប្រជាជនកម្ពុជាម្ដងណាឡើយ។
ក្នុងឱកាសដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកាគណបក្សនៅស្នាក់ការគណបក្សឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងថ្ងៃទី៤ នៃយុទ្ធនាការឃោសនាបោះឆ្នោត នាព្រឹកថ្ងៃទី៤ កក្កដា ឆ្នាំ២០២៣នេះឯកឧត្តម បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវភាពរីកចម្រើននៅទូទាំងប្រទេស ជាពិសេសក្នុងមូលដ្ឋានស្រុកបាធាយផ្ទាល់ ដោយបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ដែលជាសក្ខីភាពមួយបង្ហាញថា កម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវប្រកបដោយក្តីសង្ឃឹមជឿជាក់ តាមរយៈការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា។
ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បន្ថែមថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានអំពាវនាវទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត៕




