ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៣នេះ បានប្រកាសជាផ្លូវការ បង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ។ នេះបើយោងតាមសេក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ។
ការប្រកាសប្រកាសជាផ្លូវការបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំនេះ បានកើតឡើងតាមរយៈគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលសម្ដេច តែងតែយកចិត្តទុកដាក់ និងចុះជួបសួរសុខទុក្ខដោយផ្ទាល់ជាមួយកម្មករនិយោជិត។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំដំឡើងកម្រិតប្រាក់ ឧបត្ថម្ភទ្វេដង សម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល, ការសម្រាលកូន១ និងគិតគូរបន្ថែមសម្រាប់ករណីកូនភ្លោះ, និងការពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់កូនមានអាយុ២ឆ្នាំ។
ចំណែកការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្ត្រីដែលជាសមាជិក ប.ស.ស ក្នុងអំឡុងពេល មានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ និងដែលប្រើប្រាស់សេវានៅតាម មូលដ្ឋានសុខាភិបាល សាធារណៈរាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាលចំនួន ៤ដង និងការពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ២ឆ្នាំ ចំនួន១០ដង ដូចការផ្តល់ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ដែរ និងដំឡើងប្រាក់ឧបត្ថម្ភទ្វេដង សម្រាប់ការសម្រាលកូន១ និងគិតគូរបន្ថែមសម្រាប់ករណីកូនភ្លោះ។
រីឯការផ្តល់ប្រាក់ឧបត្ថម្ភមាតុភាពបន្ថែមជូនមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យា ជាស្រ្ដីក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ដែលប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល ចំនួន៤ដង និងការពិនិត្យសុខភាព ក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការ រហូតដល់អាយុ២ឆ្នាំ ចំនួន ១០ដង ដូចការផ្តល់ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ដែរ, និងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលកូន និងករណីកូនភ្លោះ ដូចការផ្តល់ជូន កម្មករនិយោជិត ជាស្ត្រីដែលជាសមាជិក ប.ស.ស ដែរ។
សេចក្ដីប្រកាសបញ្ជាក់ថា៖«ការដំឡើងកម្រិត និងផ្តល់ការឧបត្ថម្ភបន្ថែមខាងលើនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ តទៅ»៕អត្ថបទ៖ វ៉ន ដារ៉ា



