ចិន៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃចន្ទ (ទី៣ ខែកក្កដា) ថា ប្រទេសចិននឹងគ្រប់គ្រងលើការនាំចេញលោហធាតុមួយចំនួន ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងឧស្សាហកម្មបន្ទះអេឡិកត្រូនិក ដែលនេះជាសកម្មភាពដ៏ខ្លាំងក្លាចុងក្រោយបំផុត ក្នុងសង្គ្រាមដែលកំពុងកើនឡើង ជុំវិញការចូលទៅប្រើប្រាស់មីក្រូឈីបទំនើប រវាងទីក្រុងប៉េកាំង និងសហរដ្ឋអាមេរិក។
ការគ្រប់គ្រង ដែលប្រទេសចិនបាននិយាយថា មានគោលបំណងការពារសន្តិសុខ និងផលប្រយោជន៍របស់ជាតិ នឹងតម្រូវឲ្យក្រុមហ៊ុននាំចេញស្វះស្វែងរកការអនុញ្ញាត ដើម្បីដឹកជញ្ជូននូវផលិតផលហ្គាលីយ៉ូម និងហ្គេម៉ានីញ៉ូមមួយចំនួន។

បើយោងតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា ការសម្រេចដើម្បីគ្រប់គ្រងការនាំចេញនៃវត្ថុធាតុកម្រដែលទីក្រុងប៉េកាំងចាត់ទុកថាជាសកម្មភាពយុទ្ធសាស្ត្រនេះ បានកើតឡើងនៅក្នុងខណៈពេលដែលក្រុងវ៉ាស៊ីនតោន កំពុងពិចារណាលើការរឹតបន្តឹងថ្មី ចំពោះការដឹកជញ្ជូនមីក្រូឈីបបច្ចេកវិទ្យាជាន់ខ្ពស់ទៅកាន់ប្រទេសចិន។
ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងប្រទេសហូឡង់ ក៏គ្រោងនឹងបង្ហាញភាពមិនសប្បាយចិត្តដល់ក្រុមហ៊ុនផលិតបន្ទះអេឡិកត្រូនិករបស់ប្រទេសចិននៅរដូវក្តៅនេះផងដែរ ដោយការរឹតបន្តឹងបន្ថែមទៀតលើការលក់ឧបករណ៍ផលិតបន្ទះសៀគ្វី ដែលជាផ្នែកនៃកិច្ចប្រឹងប្រែង ដើម្បីការពារបច្ចេកវិទ្យារបស់ខ្លួន កុំឲ្យប្រទេសចិនប្រើប្រាស់ពង្រឹងវិស័យយោធារបស់ខ្លួន៕
