នីហ្ស៊េរីយ៉ា៖ កងនាវាចរណ៍នៃកងទ័ពរំដោះប្រជាជន (PLA) ដឹកនាំដោយនាវាចម្បាំងNanning បានទៅដល់ប្រទេសនីហ្ស៊េរីយ៉ា កាលពីថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចដ៏កម្រមួយរបស់យោធាចិនទៅកាន់ឆ្នេរសមុទ្រអាត្លង់ទិកនៃទ្វីបអាហ្រ្វិក ជាទីដែលទីក្រុងប៉េកាំង បានខិតខំប្រឹងប្រែងជាយូរមកហើយដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។

ស្ថានទូតចិន បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសនីហ្ស៊េរីយ៉ា បានសាទរចំពោះដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃថា ជាព្រឹត្តិការណ៍សំខាន់មួយក្នុងការទំនាក់ទំនង ហើយកងទ័ពជើងទឹកនីហ្ស៊េរីយ៉ា បានបង្ហាញពីឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខដែនសមុទ្រ និងរក្សាស្ថិរភាពនៅឈូងសមុទ្រហ្គីណេ។ .
កងនាវាចរណ៍នីហ្ស៊េរីយ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាពិឃាត និងនាវាចម្បាំងដែលអមដំណើរSanya រួមជាមួយនឹងនាវាផ្គត់ផ្គង់ Weishanhu បានទៅដល់កំពង់ផែ Lagos ដោយនាវាNanningចតនៅកំពង់ផែនេះ រហូតដល់ថ្ងៃព្រហស្បតិ៍។

អាហ្រ្វិកខាងលិចដែលសម្បូរដោយប្រេង គឺជាផ្នែកមួយនៃឈូងសមុទ្រហ្គីណេ ហើយជាអ្នកនាំចេញប្រេងឆៅដ៏សំខាន់របស់ពិភពលោក។
ឈូងសមុទ្រហ្គីណេដែលត្រូវបានពិពណ៌នាដោយការិយាល័យដែនសមុទ្រអន្តរជាតិថា ជាផ្លូវដឹកជញ្ជូនដ៏គ្រោះថ្នាក់ និងសំខាន់បំផុតមួយរបស់ពិភពលោក គ្របដណ្តប់លើផ្ទៃដី ១១.០០០ គីឡូម៉ែត្រក្រឡា (៤ ២៤៧ម៉ាយក្រឡា) និងលាតសន្ធឹងពីអង់ហ្គោឡាទៅដល់សេណេហ្គាល់។
ចាប់តាំងពីឆ្នាំ២០២១មក ករណីប្លន់តាមសមុទ្រ បានធ្លាក់ចុះដោយសារតែកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសក្នុងតំបន់ និងការដាក់ពង្រាយនាវាកងទ័ពជើងទឹកបរទេស។ នេះបើយោងតាមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕