ភ្នំពេញ៖ ដោយសារមើលឃើញពីការអភិវឌ្ឍ និងតែងតែគិតគូរជាប់ជានិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមកកាន់កម្មករនិយោជិត ក្រុមកម្មការិនីក្នុងវិស័យកាត់ដេរ បានលើកឡើងដូចគ្នាថា ពិតជាចង់ឃើញសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសទៅមុខតទៀត ជាពិសេសទាក់ទាញអ្នកវិនិយោគបង្កើតរោងចក្រកាន់តែច្រើន ដើម្បីបង្កើតការងារ និងប្រាក់ចំណូលទៀងទាត់ដូចសព្វថ្ងៃនេះ។
នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ ក្រុមកម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ឌូហឹស្ត ខេមបូឌា ស្ថិតនៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងថា ការងារដែលមានធ្វើសព្វថ្ងៃនេះ គឺបានមកពីការដឹកនាំដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ពួកគាត់ឲ្យដឹងទៀតថា ក្រៅពីការងារមានធ្វើរាល់ថ្ងៃ សម្តេចលោកតែងតែយកចិត្តទុកដាក់បន្ថែមទៅដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ ហើយលោកក៏មិនដែលរំលងផងដែរ នូវការផ្តល់របបគាំពារសង្គមនានា ធ្វើឲ្យពួកគាត់មានអារម្មណ៍ថាកក់ក្តៅ។
ក្រុមកម្មការិនីទាំងនេះ សង្ឃឹមទៀតថា ក្រោយចប់ការបោះឆ្នោតនាពេលខាងមុខនេះ ពួកគាត់នឹងអាចបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន ខណៈរាល់ថ្ងៃនេះបានឃើញតែក្នុងទូរទស្សន៍ និងតាមបណ្តាញសង្គមតែប៉ុណ្ណោះ។
កម្មករ និយោជិតរោងចក្រ ក៏បានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ បានមើលឃើញថា ការបង្កើតរោងចក្រថ្មីៗមានជាបន្តបន្ទាប់ និងគ្រប់កន្លែង ដោយសារកម្ពុជាគោលនយោបាយដ៏ល្អ ក្នុងការទាក់ទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុន និងគ្រប់គ្រងសេដ្ឋកិច្ចបានយ៉ាងល្អ ទោះបីជាកម្ពុជាបានជួបប្រទះនូវវិបត្តិសាកលកូវីដ១៩៕អត្ថបទ៖ ឈិត បូរ៉ាវី