ឥណ្ឌូនេស៊ី៖ នៅថ្ងៃអង្គារនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodoត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albaneseក្នុងពិធីស្វាគមន៍ដ៏កក់ក្តៅមួយនៅទីក្រុងស៊ីដនី ។
ឈរថតរូបសម្រាប់សារព័ត៌មានជាមួយលោក Albanese និងអគ្គទេសាភិបាអូស្រ្តាលីលោក David Hurleyលោក Widodoបានធ្វើអធិការកិច្ចឆ្មាំកិត្តិយស និងស្ងើចសរសើរទេសភាពកំពង់ផែ Sydney Harbour ។

បញ្ហាសេដ្ឋកិច្ច ការបន្ធូរបន្ថយទិដ្ឋាការធុរកិច្ចសម្រាប់ពលរដ្ឋឥណ្ឌូនេស៊ី និងបញ្ហាសន្តិសុខក្នុងតំបន់ នឹងត្រូវលើកយកមកពីពិភាក្សាអំឡុងជំនួបរបស់ភាគីទាំង ២ ។ នេះបើយោងតាមការអះអាងរបស់ក្រសួងការបរទេសអូស្រ្តាលី ។
នៅមុនកិច្ចប្រជុំនៅថ្ងៃអង្គារនេះដែរ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wongនិយាយថា នឹងមានការផ្លាស់ប្តូរមួយចំនួនលើច្បាប់ផ្តល់ទិដ្ឋាការសម្រាប់ពលរដ្ឋឥណ្ឌូនេស៊ី
ទិន្នន័យពីរដ្ឋាភិបាលអូស្រ្តាលី បានឲ្យដឹងថា ឥណ្ឌូនេស៊ី គឺជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតទី១៣របស់អូស្រ្តាលី និងការវិនិយោគរបស់អូស្រ្តាលីនៅឥណ្ឌូនេស៊ី គិតជាទឹកប្រាក់សរុប២,៨៧ពាន់លានដុល្លារ ក្នុងនោះធ្យូងថ្ម ត្រូវបាននាំចេញខ្ពស់ជាងគេ ៕
