អ៊ីស្រាអែល៖ កងកម្លាំងប្រទេសអ៊ីស្រាអែល បាននិយាយថា ការវាយលុកដាក់គោលដៅលើក្រុមសកម្មប្រយុទ្ធនៅក្នុងទីក្រុង Jenin អាចមានរយៈពេលច្រើនថ្ងៃ ជាប្រតិបត្តិការមួយក្នុងចំណោមប្រតិបត្តិការធំបំផុតនៅតំបន់ West Bank ដែលធ្វើឡើងក្នុងរយៈពេល ២០ ឆ្នាំមកនេះ។ ពលរដ្ឋនៅជំរំ ត្រូវបានគេមើលឃើញថាបានភៀសខ្លួនចេញពីអំពើហិង្សាកាលពីថ្ងៃចន្ទ ដែលរួមមានការប្រយុទ្ធគ្នាដោយកាំភ្លើងជាមួយក្រុមអ្នកប្រយុទ្ធសកម្មប្រយុទ្ធ ព្រមទាំងការវាយប្រហារដោយយានដ្រូន ដែលអាជ្ញាធរប៉ាឡេស្ទីននិយាយថាបាន បណ្តាលឲ្យមនុស្សមួយចំនួនស្លាប់។ ជំរំដែលមានប្រជាជនរស់នៅច្រើនមានតាំងពីឆ្នាំ១៩៤៨ លទ្ធផល បណ្តាលមកពីសង្គ្រាម រួមជាមួយការបង្កើតរដ្ឋអ៊ីស្រាអែល។
បច្ចុប្បន្ននេះ អ៊ីស្រាអែលអះអាងថាវាជាកន្លែងដ៏ក្តៅគគុកសម្រាប់ក្រុមសកម្មប្រយុទ្ធកងពលតូចទីក្រុង Jenin ហើយបានបញ្ជូនទាហានរាប់រយនាក់ចូល និងធ្វើការវាយប្រហារជាច្រើនថ្ងៃ។
ស្ត្រីម្នាក់និយាយថា ទាហានអ៊ីស្រាអែលឈរក្បែររថយន្តសង្គ្រោះមួយគ្រឿង ខណៈពលរដ្ឋក្នុងតំបន់ត្រូវបានគេប្រាប់ឱ្យចាកចេញពីលំនៅឋាននិងទ្រព្យសម្បត្តិរបស់ពួកគេ មុនពេលនាំទៅកាន់មន្ទីរពេទ្យនេះ។ វីដេអូ ដែលបានចេញផ្សាយដោយនគរបាលអ៊ីស្រាអែល បានអះអាងបង្ហាញពីការចាប់ខ្លួនធ្វើឡើងជាផ្នែកមួយនៃប្រតិបត្តិការ ដោយបង្ហាញមុខព្រាលៗដើម្បីការពារការកំណត់អត្តសញ្ញាណ។ រយៈពេលជាងមួយឆ្នាំ ការវាយឆ្មក់របស់កងទ័ពនៅក្នុងទីក្រុងដូចជាទីក្រុង Jenin បានក្លាយជាទម្លាប់។ មានការវាយប្រហារដ៏ឃោរឃៅជាបន្តបន្ទាប់របស់ពប៉ាឡេស្ទីនមកលើអ៊ីស្រាអែល និងការវាយសម្រុកដោយក្រុមអ្នកតាំងលំនៅជនជាតិជ្វីហ្វ មកលើភូមិរបស់ប៉ាឡេស្ទីន។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃចន្ទបានប្តេជ្ញាបន្តប្រតិបត្តិការនេះរយៈពេលយូរបហរសិនបើចាំបាច់ ដោយបានហៅទីក្រុង Jenin ថាជា សំបុកសម្រាប់សកម្មភាពភេរវកម្ម។

