ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជាអ្នកគ្រប់គ្រងរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅពហុកីឡដ្ឋានជាតិអូឡាំពិក ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៤ ឧសភា ២០២១នេះថា គិតត្រឹមព្រឹកនេះ អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ចំនួន៩៣០នាក់ កំពុងសម្រាកព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានឲ្យដឹងទៀតថា មណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មានចំនួនជាង៩០០គ្រែ គឺបានទទួលឲ្យអ្នកជំងឺកូវីដ-១៩ចូលសម្រាកព្យាបាល មានទាំងមនុស្សពេញវ័យ និងកុមារ កាលពីយប់ថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ២០២១។ ក្នុងនោះ ក្រុមគ្រូពេទ្យចំនួន១៧នាក់ ក្នុងចំណោមគ្រូពេទ្យសរុបជាង១៧០នាក់(គ្រូពេទ្យជាង១២០នាក់ និងអ្នកបម្រើសេវាកម្មផ្សេងៗ៥០នាក់) ចេញពីមនី្ទរពេទ្យកុមារជាតិ ត្រូវបាន ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ចាត់តាំងឲ្យមកចូលរួមរៀបចំចាត់ចែង និងព្យាបាលជំងឺកូវីដ១៩ នៅមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល និងមធ្យម ទន្ទឹមនឹងនោះ អ្នកសម្រាកព្យាបាលជំងឺកូវីដ១៩ ទាំង៩៣៩នាក់ មាន៤នាក់ជាស្រី្តមានផ្ទៃពោះ ត្រូវបានក្រុមគ្រូពេទ្យយកគាត់ទាំង៤នាក់នោះ មកបង្កើតបុត្រ(ឆ្លងទន្លេ) នៅក្នុងមនី្ទរពេទ្យកុមារជាតិ ដោយជោគជ័យ ក្រៅពីនោះប្រសិនបើករណីធ្ងន់ ក្រុមគ្រូពេទ្យយើង នឹងបញ្ជូនអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលថែទាំព្យាបាលជំងឺកូវីដ១៩ ចាក់អង្រែ និងមនី្ទរពេទ្យហ្លួងម៉ែ។
លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបញ្ជាក់ថា សព្វថ្ងៃ មានក្រុមគ្រូពេទ្យចំនួន០២ក្រុម មានសមាជិកសរុបចំនួន៣២នាក់ នៅមនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល កំពុងចូលរួមពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅសណ្ឋាគារក្រេឌុក៕
អត្ថបទ ៖ រដ្ឋា
