កូរ៉េខាងត្បូង ៖ មន្ត្រីម្នាក់បាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅចុងសប្តាហ៍នេះ ដើម្បីពន្យល់ពីការវិភាគនៃការត្រួតពិនិត្យសុវត្ថិភាពរបស់ក្រុមឃ្លាំមើលUNលើគម្រោងបញ្ចេញទឹកកខ្វក់ពីរោងចក្រFukushimaរបស់ជប៉ុនដែលមិនដំណើរ។
អគ្គនាយក IAEA លោក រ៉ាហ្វាអែល ម៉ារីណូ ហ្គោសស៊ី (Rafael Mariano Grossi) នឹងទៅដល់ថ្ងៃសុក្រ បន្ទាប់ពីបានបញ្ចប់ការធ្វើដំណើររយៈពេល៤ថ្ងៃដែលកំពុងបន្តនៅប្រទេសជប៉ុន ក្នុងគោលបំណងផ្តល់លទ្ធផលនៃរបាយការណ៍ចុងក្រោយរបស់ IAEA ដែលត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងអនុម័តការបញ្ចេញទឹកមានមេរោគចូលទៅក្នុងមហាសមុទ្រ។
សារព័ត៌មាន Kyodo បានរាយការណ៍ថា លោកអគ្គនាយករូបនេះ នឹងបញ្ចេញលទ្ធផល នៅល្ងាចថ្ងៃនោះ។
លោក Park Ku-yeon អនុប្រធានទី១នៃការិយាល័យសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល បាននិយាយថា បន្ទាប់មក លោកអគ្គនាយកនឹងមកកាន់ប្រទេសកូរ៉េខាងត្បូងសម្រាប់ការធ្វើដំណើររយៈពេល៣ថ្ងៃ រួមទាំងកិច្ចប្រជុំជាមួយប្រធានក្រុមឃ្លាំមើលសុវត្ថិភាពនុយក្លេអ៊ែររបស់ប្រទេស ជាគណៈកម្មការសុវត្ថិភាពនុយក្លេអ៊ែរ និងសន្តិសុខ។
លោក Park បានថ្លែងប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីបញ្ហារោងចក្រFukushimaថា៖«ក្រៅពីនេះ លោកអគ្គនាយកហ្គោសស៊ី ត្រូវបានគេរំពឹងថា នឹងមានកាលវិភាគផ្សេងទៀត ដូចជាកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេស»ជាដើម។
លោកParkក៏បានថ្លែងផងដែរថា រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការវិភាគបែបវិទ្យាសាស្ត្រផ្ទាល់ខ្លួនលើផែនការបញ្ចេញទឹកកខ្វក់ចោល ដោយផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យរបស់ខ្លួន និងការចូលរួមលើក្រុមត្រួតពិនិត្យរបស់IAEA។
ក្រុមសមាជិក២១រូបរបស់ប្រទេសកូរ៉េខាងត្បូង បានបញ្ចប់ការធ្វើដំណើររយៈពេល៦ថ្ងៃរបស់ខ្លួនទៅកាន់ប្រទេសជប៉ុន កាលពីចុងខែឧសភាដែលរួមមានការត្រួតពិនិត្យនៅនឹងកន្លែង។អ្នកជំនាញកូរ៉េខាងត្បូងម្នាក់ ក៏បានចូលរួមក្នុងក្រុមត្រួតពិនិត្យរបស់IAEAដែលធ្លាប់បានចេញបផ្សាយការវាយតម្លៃបណ្តោះអាសន្នចំនួន៥ រួចហើយ។
លោក Park បាននិយាយថា៖«យើងរំពឹងថា នឹងបង្ហាញ (ការវិភាគចុងក្រោយ) ដល់ប្រជាជនក្នុងពេលឆាប់ៗនេះ»។

