ភ្នំពេញ ៖ តេលេក្រាមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោបានផ្សព្វផ្សាយឱ្យដឹងថា ព្រឹកមិញ សម្ដេចបានទៅចូលរួមរៀបការកូនស្រីលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ដែលនៅទីនោះ សម្ដេចបានទទួលនូវរូបថតមួយសន្លឹកដែ ល សម្ដេចមិនដែលបានឃើញ។
សម្ដេចតេជោបន្តថា រូបថតនេះត្រូវបានថតដោយអ្នកយកព័ត៌មានបរទេស ដែលបានថតកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩៣ ជាពេលដែលសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅបោះឆ្នោតនៅ ទីរួមខេត្តកំពង់ចាម ដែលកាលពេលនោះការបោះឆ្នោតរៀបចំដោយអ៊ុនតាក់។
សម្ដេចតេជោបន្ថែមថា រូបថតនេះត្រូវបានដាក់ដេញថ្លៃនៅប្រទេសបារាំងដែលក្មួយស្រី ឆេង និព័ន្ធ កូ នស្រីលោកជំទាវ ភឿង សកុណា ដេញថ្លៃបាន និងយកមកប្រគល់ឱ្យសម្ដេច នៅថ្ងៃរៀបការរបស់នាង។
សម្ដេចតេជោ ក៏បានផ្ញើសារថ្លែងអំណរគុណដោយសរសេរថា សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតសូមអរគុណក្មួយស្រី ឆេង និព័ន្ធ និងស្វាមីដែលបានខិតខំចំណាយកម្លាំង និងថវិកាដេញថ្លៃទិញយកនូវរូបថតដ៏កម្រនេះ មកប្រគល់ឱ្យសម្ដេច។ បើគិតពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៣ មានរយៈពេល ៣០ឆ្នាំគត់ ដែលកាលពីឆ្នាំ១៩៩៣ នោះសម្ដេចមានអាយុ ៤១ឆ្នាំ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមានអាយុ ៣៩ឆ្នាំ៕ ដោយ៖ គង់ ឌិន

