ភ្នំពេញ ៖ ក្រុមការងារអង្គការមេត្តាធម្មជាតិ សហការជាមួយមន្រ្ដីជំនាញក្រសួងបរិស្ថានធ្វើសិក្ខាសាលាផ្សព្វផ្សាយគម្រោង «សហគមន៍រ៉ុងរឿង» និងជ្រើសរើសសមាជិកសហគមន៍ សម្រាប់ការបណ្តុះបណ្តាលចំណេះដឹង និងជំនាញផ្នែក កសិកម្ម និងការចិញ្ចឹមសត្វដែលជាការគាំទ្រពីក្រសួងបរិស្ថាន។
លោក ម៉ូត គឹមរី អនុប្រធានអង្គការមាតាធម្មជាតិ បានឱ្យដឹងថាកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារ អង្គការមេត្តាធម្មជាតិចំនួន ៦នាក់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីគម្រោង «សហគមន៍រ៉ុងរឿង» និង ជ្រើសរើសសមាជិកសហគមន៍ សម្រាប់ការបណ្តុះបណ្តាលចំណេះដឹងផ្នែកកសិកម្ម និងការចិញ្ចឹមសត្វ នៅភូមិច្រកឬស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។
លោកបានឱ្យដឹងថា តាមរយៈសិក្ខាសាលានេះក្រុមការងារបានផ្សព្វផ្សាយអំពីគម្រោង «សហគមន៍រ៉ុងរឿង» ដែលបាន បង្កើតឡើងដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការចិញ្ចឹមសត្វ និងដាំដំណាំកសិកម្ម ឲ្យត្រូវ ទៅតាមស្ដង់ដារបច្ចេកទេស ដើម្បីទទួលបានទិន្នផលខ្ពស់សម្រាប់ផ្គត់ផ្គង់ក្នុងសហគមន៍ ឬនាំចេញទៅ លក់នៅលើ ទីផ្សារខាងក្រៅ។
លោក គឹមរី លើកឡើងថា នៅពេលពលរដ្ឋធ្វើកសិកម្ម និងចិញ្ចឹមសត្វទទួលបានទិន្នផលល្អ ពលរដ្ឋក៏អាចផ្គត់ផ្គង់ ទៅកាន់ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តនៅតំបន់អារ៉ែង ហើយអាចកាត់បន្ថយការចូលរកអនុផលព្រៃឈើ ការកាប់ព្រែឈើ និងបរបាញ់សត្វរបស់សហគមន៍ផងដែរ។
ក្រុមការងារអង្គការមាតាធម្មជាតិ និងក្រសួងបរិស្ថាន រំពឹងថា ក្រោយរៀបចំឲ្យសហគមន៍ ចេះបច្ចេកទេស កសិកម្ម គ្រប់គ្រាន់ហើយ អង្គការមេត្តាធម្មជាតិ នឹងជួយរៀបចំឲ្យមានកសិដ្ឋានគំរូ មួយកន្លែងក្នុងតំបន់ អារ៉ែងដើម្បីឲ្យ សហគមន៍អាចរៀនពីបច្ចេកទេសកសិកម្ម និងអាចយកគំរូកសិដ្ឋាននេះទៅអនុវត្តនៅសហគមន៍ផ្សេងទៀតផងដែរ៕
អត្ថបទ៖ វ៉ន ដារ៉ា



