
អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទថា ការចូលជាសមាជិក នៃអង្គការសហប្រតិបត្តិការសៀងហៃ(SCO) នាពេលខាងមុខជារដ្ឋសមាជិកពេញលេញ នឹងបំពេញផលប្រយោជន៍ទាំងអ៊ីរ៉ង់ ព្រមទាំងបណ្ដារដ្ឋសមាជិកអង្គការ SCO ផ្សេងទៀត និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ផងដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅរដ្ឋធានីតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសលោក Nasser Kanaani បានសាទរចំពោះសមាជិកភាពអង្គការ SCO របស់អ៊ីរ៉ង់ ដែលត្រូវបានគេរំពឹងថានឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំលើកទី២៣ នៃក្រុមប្រឹក្សាប្រមុខរដ្ឋអង្គការ SCO នៅថ្ងៃអង្គារនេះថាជា "ការអភិវឌ្ឍន៍វិជ្ជមាន" សម្រាប់អង្គការនេះ។
ការសម្រេចចាប់ផ្តើមទទួលស្គាល់អ៊ីរ៉ង់ជាសមាជិកពេញសិទ្ធិរបស់អង្គការពីឋានៈជារដ្ឋសង្កេតការណ៍ ដែលត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំលើកទី២១ នៃក្រុមប្រឹក្សាប្រមុខរដ្ឋអង្គការ SCO ដែលបានប្រារព្ធឡើងនៅរដ្ឋធានី Dushanbe (ឌូសានបេ) របស់ប្រទេសតាហ្ស៊ីគិស្ថាន កាលពីខែកញ្ញាឆ្នាំ២០២១។
អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកាតព្វកិច្ចនៃសមាជិកភាពអង្គការ SCO របស់អ៊ីរ៉ង់ត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំលើកទី២២ នៃក្រុមប្រឹក្សាប្រមុខរដ្ឋអង្គការ SCO ដែលធ្វើឡើងនៅទីក្រុង Samarkand (សាម៉ាកាន) ប្រទេសអ៊ូសបេគិស្ថាន កាលពីខែកញ្ញា ឆ្នាំ២០២២។ នៅខែវិច្ឆិកា ឆ្នាំ២០២២ សភាអ៊ីរ៉ង់បានអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីសមាជិកភាពអង្គការ SCO របស់ប្រទេសនេះ ដោយសំឡេងភាគច្រើនលើសលប់៕