
ការស៊ើបអង្កេតផ្លូវការបានរកឃើញថា កម្មករជួសជុលរបាំងផ្លូវដែក ក្នុងប្រទេសឥណ្ឌា បានធ្វើឲ្យមានបញ្ហាក្នុងទំនាក់ទំនងលើប្រព័ន្ធផ្តល់សញ្ញាស្វ័យប្រវត្តិ នៅលើបណ្តាញ ដែលនាំឲ្យកើតមានគ្រោះមហន្តរាយផ្លូវដែកដ៏អាក្រក់បំផុតរបស់ប្រទេសនេះ ក្នុងរយៈពេល ២ទសវត្សរ៍។
ឧបទ្ទវហេតុ កាលពីថ្ងៃទី២ ខែមិថុនា នៅស្ថានីយ៍ Bahanaga Bazar ក្នុងរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា បានសម្លាប់មនុស្ស ២៨៨នាក់ និងជាង ១.០០០នាក់ រងរបួស។ គ្រោះមហន្តរាយនេះបានកើតឡើង នៅពេលដែលរថភ្លើងដឹកអ្នកដំណើរបានបុករថភ្លើងជាមួយរថភ្លើងដឹកទំនិញដែលកំពុងឈប់នៅស្ងៀម ហើយធ្លាក់ចេញពីផ្លូវ រួចទៅបុកជាមួយរថភ្លើងដឹកអ្នកដំណើរមួយទៀតដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា។
នៅក្នុងរបាយការណ៍ស៊ើបអង្កេត ដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters អ្នកស៊ើបអង្កេតរបស់គណៈកម្មការសុវត្ថិភាពផ្លូវដែក (CRS) បាននិយាយថា ការបុកដំបូង កើតឡើងដោយសារតែការធ្វើការកែសម្រួលសៀគ្វីផ្ដល់សញ្ញា ដើម្បីដោះស្រាយបញ្ហាដែលកើតមានជាញឹកញាប់ នៅរបាំងផ្លូវដែកក្បែរនោះ។
សារព័ត៌មាន Reuters កាលពីខែមុន បានរាយការណ៍ជាលើកដំបូងថា អ្នកស៊ើបអង្កេតកំពុងផ្តោតលើការងារជួសជុលលើរបាំងផ្លូវដែក និងលទ្ធភាពនៃការភ្ជាប់ទៅនឹងប្រព័ន្ធផ្ដល់សញ្ញាផ្លូវវាងដោយដៃ៕